(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់គណ:កម្មាធិការគណបក្សមូលដ្ឋាន គណ:កម្មាធិការសាខាគណបក្ស សាខាគណបក្ស ចំណុះគណ:កម្មាធិការគណបក្សស្រុកតាំងគោក។

ថ្លែងនៅក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិការបក្ស លោកគ្រូអ្នកគ្រូ ក្រុមគ្រូពេទ្យ ភូមិ ឃុំ យុវជន ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន បទបញ្ជាផ្ទៃក្នុង និងលក្ខន្ដិកៈរបស់គណបក្ស ក្នុងការខិតខំប្រឹងប្រែងបំរើប្រជាពលរដ្ឋគ្រាលំបាក ជាពិសេសសម័យកូវីដ១៩ជាដើម ដែលធ្វើឱ្យស្រុកមានការគ្រប់គ្រងស្ថានភាពបានយ៉ាងល្អ និងថ្លែងអំណរគុណចំពោះការជឿជាក់ ស្រឡាញ់ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបានទទួលនូវជ័យជម្នះគ្រប់អាណត្តិជាបន្តបន្ទាប់ ។

ជាមួយគ្នានេះផងដែរលោកប្រធាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុការពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជាជូនចំពោះអង្គពិធី និងបានជម្រាបជូនសមាជិក សមាជិកាអំពីគុណតម្លៃនៃសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមនោះដែរលោកបានវាយតម្លៃចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យ និតីរដ្ឋនៅកម្ពុជាត្រូវបានការពាររឹងមាំ និងការអភិវឌ្ឍន៍ឥតឈប់ឈរដែលបានធានាដល់ការពង្រឹងស្ថេរភាព សណ្តាប់ធ្នាប់សាធារណ: ការគោរពសិទ្ធសេរីភាពគ្រប់បែបយ៉ាង គណបក្សប្រជាជនកម្ពុជាជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។

គណបក្សប្រជាជនកម្ពុជា តម្កល់ខ្ពស់ឧត្តមគតិស្នេហាជាតិបរិសុទ្ធ គោរពតួនាទីរបស់ប្រជាជនដែលជាអ្នកកសាងឡើងនូវប្រវត្តិសាស្រ្ត លើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងប្រកាន់យកវិធីត្រិះរិះពិចារណាវិចារវិទ្យាសម្ភារនិយមជាមូលដ្ឋានសតិអារម្មណ៏របស់គណបក្សក្នុងការបំពេញបេសកម្មបំរើប្រទេសជាតិ និងប្រជាជន។ ដើម្បីសម្រេចនូវសកម្មភាពដ៏ឧត្តុងឧត្តមនេះ គណបក្សត្រូវខិតខំកសាងខ្លួនឲ្យរឹងមាំខ្លាំងក្លាទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង ដែលឆ្លើយតបទៅនឹងសំណូមពរនៃភារកិច្ចនយោបាយនៅគ្រប់កាល:ទេស និងគ្រប់ស្ថានភាព។

ដើម្បីពង្រឹងមូលដ្ឋានសម្រាប់ការយល់ដឹងអំពីគោលការណ៍កសាងគណបក្ស មន្រ្តី សមាជិកគណបក្ស និងរាល់អង្គការចាត់តាំងគណបក្ស គប្បីក្តាប់ឲ្យច្បាស់នូវខ្លឹមសារសំខាន់ៗ ចាំបាច់មួយចំនួន នៃគោលការណ៏កសាងគណបក្សចំនួន៦ ដូចជា៖ គោលការណ៍ប្រមូលផ្តុំប្រជាធិបតេយ្យ, គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ, គោលការណ៍ សាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស, គោលការណ៍ ស្វ័យត្រួតពិនិត្យនិងជួយមតិគ្នាទៅវិញទៅមក
,គោលការណ៍ រក្សាការភ្ជាប់ជិតស្និទ្ធ រវាងគណបក្សនិងប្រជាជន និងគោលការណ៍គោរពរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

ភារកិច្ចចំបងរបស់យុវជនបន្តវេន៖ ចូលរួមថែរក្សា ការពារឲ្យបាននូវសុខសន្តិភាព, អភិវឌ្ឍន៍ចំណេះដឹង ចំណេះធ្វើ និងបំណិនជីវិតប្រកបដោយនវានុវត្តន៍ និងឆន្ទះមោះមុត មុតស្រួចក្នុងការបំពេញភារកិច្ចក្នុងអង្គភាព(គណបក្ស និងរដ្ឋ)។

លោកប្រធានក៏បានពន្យល់ពីរបៀបរបបធ្វើការងាររបស់គណបក្ស ពិសេសរបបសមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ និងការរស់នៅប្រចាំថ្ងៃរបស់មន្រ្តីគណបក្ស ពិសេសអ្នកដឹកនាំត្រូវបានធានាបាន ភាពត្រឹមត្រូវស្របច្បាប់និងគោលការណ៏នានា, ស្របនឹងទស្សន:មហាជន។

លោក ហាក់​ ម៉ុងហួត ក៏បានជម្រាបជូនអំពីការងារបន្តរបស់គណបក្ស និងយុទ្ធសាស្រ្តក្នុងការឈ្នះឆ្នោតគឺ បរិមាណ គុណភាព និងអំពើល្អរបស់មន្រ្តីគណបក្ស ដោយធានាបាននូវសមាជិកគណបក្ស១រូប ជាសម្លេងឆ្នោត១សន្លឹក៕