(ភ្នំពេញ)៖ បន្ទាប់ពីមានសារព័ត៌មានមួយចំនួន បានធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត លើករណីសមត្ថកិច្ចចម្រុះ ចុះទៅដកហូតជន្លង់ម្រេច របស់អ្នកដាំម្រេចនៅក្នុងខេត្តមណ្ឌលគិរី អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបំភ្លឺថា សមត្ថកិច្ចរឹបអូសឈើជន្លង់ម្រេច នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាឈើប្រភេទលេខ១ (ផ្ចឹក) ដែលបានដឹកចេញពីព្រៃ នៃដែនជម្រកសត្វព្រៃស្រែពក-ណាមលៀ។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះករណីនេះ សមត្ថកិច្ចចម្រុះ ក្នុងនោះមានមន្រ្តីអនុវត្តច្បាប់ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសដឹកជញ្ជូន ប្រមូលធ្វើសន្និធិ ឬប្រមូលសន្និធផល និងអនុផលធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តផ្ទុយពីក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា៨៥០ ដែលបានកំណត់ ត្រូវផ្តន្ទាទោសអ្នកប្រព្រឹត្ត ដាក់ពន្ធធានាគាពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ដល់៥០០លានរៀល។
លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា សមត្ថកិច្ចក្រសួងបរិស្ថាន បានសហការជាមួយគណៈបញ្ជាការកងឯកភាពខេត្តមណ្ឌលគីរី ស្រាវជ្រាវយ៉ាងដិតដល់ ចំពោះបទល្មើសធនធានធម្មជាតិ និងបានធ្វើការបដិសេធចំពោះការលើកឡើង របស់បណ្តាញផ្សព្វផ្សាយមួយចំនួន ដែលស្រង់សំដី ពីបុគ្គលឈ្មោះ សឿន នឿន ក្នុងភូមិ ប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី តែម្ខាង មិនបានឆ្លុះបញ្ជាំងពីការពិតជាក់ស្តែង ហើយបានធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ ចំពោះសមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី ដែលខិតខំបំពេញតួនាទី និងភារកិច្ចដោយការទទួលខុសត្រូវ អនុវត្តវិធានការច្បាប់ នាពេលកន្លងមក។
ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពខេត្ត នឹងបន្តនីតិវិធីច្បាប់ ចំពោះបុគ្គល ដែលបានបកស្រាយខុសពីការពិត នាំឱ្យសាធារណជនមានការភាន់ច្រឡំ ចំពោះការអនុវត្តវិធានការច្បាប់របស់សមត្ថកិច្ចចម្រុះ និងបានណែនាំឱ្យអ្នកពាក់ព័ន្ធបញ្ឈប់ការប្រមូលទិញឈើ យកមកធ្វើជាជន្លង់ម្រេច ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវតាមច្បាប់។ លើសពីនេះទៀត ក្រុមការងារចម្រុះ កំពុងបន្តស្រាវជ្រាវ រុករក ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិបន្ថែមទៀត។
សូមបញ្ជាក់ថា ចាប់តាំងពី ថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ មន្រ្តីអនុវត្តច្បាប់នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងមន្ត្រីការិយាល័យនៃដែនជម្រកសត្វព្រៃស្រែពក-ណាមលៀ សហការជាមួយ គណៈបញ្ជាការឯកភាពស្រុកពេជ្រាដា ខ័ណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងកងយោធពលខេមរភូមិន្ទ នៃបញ្ជាការដ្ឋានអនុសេនាធំលេខ១ (ដេអេ) បានចុះបង្រ្កាបនិងទប់ស្កាត់បទល្មើស ដឹកជញ្ជូនផល និងអនុផលធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ជាធរមាន។ ជាក់ស្តែង សមត្ថកិច្ចបានបង្រ្កាបករណីដឹកជញ្ជូនឈើអារ ពីដែនជម្រកសត្វព្រៃស្រែពក-ណាមលៀ ចំនួន៥កន្លែងផ្សេងគ្នារួមមាន៖ នៅក្នុងភូមិពូទឺត ភូមិពូក្រូច ឃុំស្រែអំបួម ភូមិ ប៊ូស្រា ភូមិពូទឺត ឃុំប៊ូស្រា និងភូមិស្រែពូរ៉ាប៉ែត ក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងនោះបង្ក្រាបបានគោយន្តកែច្នៃ ចំនួន ១គ្រឿង រណាយន្តចំនួន ៣គ្រឿង ជន្លង់ម្រេចប្រមាណ ៤០០០ជន្លង់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានរកឃើញជន្លង់ម្រេច ចំនួនរាប់ម៉ឺនដើម ដែលបានទើបកាប់ និងដឹកជញ្ជូនថ្មីៗ ចេញពីព្រៃក្នុងតំបន់ការពារធម្មជាតិនៅក្នុងដីអ្នកដាំម្រេច។
ក្នុងពេលនេះដែឬ អ្នកនាំពាក្យក្រសួងបរិស្ថាន បានសំណូមពរឱ្យអ្នកសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយការពិតទាក់ទងនឹងវិស័យបរិស្ថាន ដែលជួយជំរុញឱ្យប្រជាពលរដ្ឋ មានការផ្លាស់ប្តូរវិជ្ជមាន និងទម្លាប់ស្អាតចំពោះបរិស្ថាន និងធនធានធម្មជាតិ ក៏ដូចជាជួយផ្សព្វផ្សាយច្បាប់ ជំរុញការចូលរួមការពារព្រៃឈើ ការដាំស្តារព្រៃឈើ ដើម្បីបង្កើនគម្របបៃតង និងពង្រឹងការអភិវឌ្ឍជីវភាពសហគមន៍ តាមរយៈការផ្តល់ជម្រើសមុខរបរ ក្រៅពីដាក់សំពាធលើព្រៃឈើ ក្នុងនោះការអភិវឌ្ឍន៍គោលដៅលំហែបៃតង ដែលប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន អាចរកចំណូលបាន ពីការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ និងជាពិសេសការចូលរួមសម្រេចបានគោលដៅ កម្ពុជាជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០៕