(កំពង់ចាម)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បុត្រា បុត្រី ចៅប្រុស ចៅស្រី បងប្អូន ក្មួយៗ នៅល្ងាចថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៣ឆ្នាំ ដើម្បីឧទ្ទិសមហាកុសលដួងិវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដែលពិធីបុណ្យនេះប្រារពឡើង នៅភូមិអណ្ដូងច្រះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពងចាម។

ពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៣ឆ្នាំ ឧទ្ទិសមហាកុសលដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានធ្វើឡើងនៅរយៈពេល២ថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០២៥ ។ពិធិបុណ្យខាងលើនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីរាជការជាច្រើនរូប។

សូមបញ្ជាក់ថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រសូត្រនៅថ្ងៃទី២ ខែមេសា ឆ្នាំ១៩៥០ ត្រូវនឹងថ្ងៃអាទិត្យ១៥កើត ខែចេត្រ ឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ ២៤៩៣ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង ម្តាយឈ្មោះ ឌី ប៉ុក សម្តេចជាកូនទី២ ក្នុងចំណោមបងប្អូនប្រុសស្រី ៦នាក់។

សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពនៅវេលាម៉ោង១៨ និង ២៥នាទី ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយជំងឺបេះដូង។

ក្នុងកម្មវិធីបុណ្យបុណ្យគម្រប់ខួប៣ឆ្នាំ ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ជូនសម្តេចឧត្តមទេពញាណ ហ៊ុន ណេង, លោកស្រី លាង វួចឆេង ដែលជាភរិយាសម្តេចឧត្តមទេពញាណ ហ៊ុន ណេង និងលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងភរិយា ព្រមទាំងកូនចៅ និងក្រុមគ្រួសារសាច់ញាតិ ក៏បានរៀបពិធីសូមខមាទោស និងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះក្ដីទឹកចិត្ដសម្ដេចតេជោ ដែលបានដើរតួដូចជាឪពុកម្ដាយ ជួសសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទៅកាន់បរលោកដោយភាពស្ងប់ទុក្ខ។ ការរៀបចំពិធីនេះ បានធ្វើឱ្យសម្ដេចតេជោ សម្រក់ទឹកភ្នែក និងបង្ហាញនូវក្រសែភ្នែក ប្រកបដោយការសណ្ដោសប្រណី មេត្ដា ករុណា និងក្ដីស្រលាញ់ដ៏កក់ក្ដៅ ចំពោះកូនក្មួយនិងចៅ៕