(ភ្នំពេញ)៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន បានបង្ហាញពីករណីជំងឺជំងឺអង់ត្រាក់ (ពិសធ្យូង) ដែលកំពុងកើតមានឡើងនៅប្រទេសថៃ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានសរសេរថា ខេត្តមុដាហាន ប្រទេសថៃ បានរកឃើញវិជ្ជមានជំងឺអង់ត្រាក់ (ពិសធ្យូង) ពីរករណីលើមនុស្ស ក្នុងនោះមួយករណី បានស្លាប់អាយុ៥៣ឆ្នាំ ភេទប្រុស និងម្នាក់ទៀត កំពុងព្យាបាលនៅមន្ទីរពេទ្យ។
មូលហេតុដែលឆ្លងជំងឺនេះ ដោយសារពួកគាត់បរិភោគសាច់គោឆៅ ដែលមានឆ្លងមេរោគបាក់តេរី អង់ត្រាក់។ ជំងឺនេះ មានឱសថព្យាបាលជាបាន ក្រោយធ្វើវិនិច្ឆ័យជំងឺច្បាស់លាស់។
បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC, ជំងឺ Anthrax (ពិសធ្យូង) គឺជាជំងឺឆ្លងដែលបណ្តាលមកពីបាក់តេរី Bacillus anthracis។ ការឆ្លងបណ្តាលមកពីបរិភោគសាច់ឆៅ ឬប៉ះពាល់នឺងប្រភេទសត្វស៊ីស្មៅ ដូចជាគោ ក្របី ជាដើម។
ជំងឺបង្កឡើងដោយមេរោគបាក់តឹរីនេះ មានបីទម្រង់ជំងឺអង់ត្រាក់លើមនុស្ស៖ ស្បែក (ស្បែក) ដង្ហើមចូល (សួត) និងក្រពះពោះវៀន។ ការព្យាបាលភ្លាមៗ ជាមួយនឹងថ្នាំអង់ទីប៊ីយោទិច គឺមានសារៈសំខាន់ណាស់ សម្រាប់ការរស់រានមានជីវិត។ ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទ១១៥៕