(ហ្សាការតា, ឥណ្ឌូនេស៊ី)៖ ដំណើរអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសឥណ្ឌូនេស៊ី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអ្នកនយោបាយមានទំនាក់ទំនងជិតស្និទ្ធជាមួយមេដឹកនាំប្រទេសឥណ្ឌូនេស៊ីនោះ ទទួលបានការស្វាគមន៍យ៉ាងមហោឡារិក កក់ក្តៅ និងកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត។
ដាក់ជើងជាន់ព្រលានយន្តហោះអន្តរជាតិនាទីក្រុងហ្សាការតា សម្តេចតេជោ ទទួលបានការស្វាគមន៍ដោយមន្ត្រីជាន់ខ្ពស់ប្រទេសឥណ្ឌូនេស៊ី និងឈរអមជារបងដោយកងកិត្តិយសរបស់ឥណ្ឌូនេស៊ី។ ចាប់ពីព្រលានយន្តហោះ រហូតដល់វិមានប្រធានាធិបតីឥណ្ឌូនេស៊ី ក្បួនរថយន្តរបស់សម្តេចតេជោ ត្រូវបានហែហមអមក្បួនដោយរថយន្ត និងម៉ូតូកិត្តិយសជាច្រើនគ្រឿង។ នៅឯវិមានប្រធានាធិបតីវិញ មានការរៀបចំពិធីស្វាគមន៍ជាផ្លូវការយ៉ាងមហោឡារិក ដោយលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងកងកិត្តិយសជាច្រើនរូប មានទាំងកងកិត្តិយសជិះសេះជាក្បួនថែមទៀតផង។
កាន់តែពិសេសថែមទៀតនោះ ដំណើររបស់សម្តេចតេជោ ចាប់ពីពេលអញ្ជើញដល់ព្រលានយន្តហោះ រហូតដល់ជួបជជែកការងារជាមួយលោកប្រធានាធិបតីឥណ្ឌូនេស៊ី ត្រូវបានផ្សាយផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជនរបស់ឥណ្ឌូនេស៊ីផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចការងាររយៈពេល៣ថ្ងៃនៅប្រទេសឥណ្ឌូនេស៊ី។
ក្នុងអំឡុងពេលទស្សនកិច្ចការងារនៅឥណ្ឌូនេស៊ី សម្តេចតេជោ មានជំនួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌូនេស៊ី រួមមានលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី, លោក ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន, ប្រធានព្រឹទ្ធសភា និងលោកស្រី ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា។
ក្នុងឱកាសស្នាក់នៅរដ្ឋធានីហ្សាការតា សម្ដេចតេជោប្រធានព្រឹទ្ធសភា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន និងមាន ជំនួបរួមគ្នាជាមួយអគ្គលេខាធិការអាស៊ាន គណៈកម្មាធិការ តំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រឡេស្ត្រប្រចាំអាស៊ានផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏នឹងផ្តល់បាឋកថាពិសេស ក្រោមប្រធានបទ «កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក» ដែលជាវិភាគទានដ៏សំខាន់ក្នុងការអបអរសាទរខួប ២៦ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា។
ជាមួយគា្ននេះ សម្តេចតេជោ នឹងអញ្ជើញថ្លែងបាឋកថា ក្រោមប្រធានបទស្តីពី «ទស្សនៈ និងបទពិសោធន៍ នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» នៅសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច អាស៊ាន និងអាស៊ីបូព៌ា (ERIA School of Government) ដែលនឹងមានការចូលរួមដោយអគ្គលេខាធិការ អាស៊ាន តំណាងអចិន្ត្រៃយ៍អាស៊ាន, អង្គទូតប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ីនិងប្រចាំអាស៊ាន, ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំនៃក្រសួង/ស្ថាប័នរដ្ឋឥណ្ឌូនេស៊ី និងអង្គការសង្គមស៊ីវិលនៅឥណ្ឌូនេស៊ី៕