(ព្រះសីហនុ)៖ លោក ងុយ រិទ្ធ រដ្ឋលេខាធិការតំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពចូលរួមពិធី ទិវាពិភពលោក ដើម្បីសុខសុវត្ថិភាព និងសុខភាពការងារ ២៨ មេសា ក្រោមប្រធានបទ «ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត (AI)» ដោយមានការអញ្ជើញចូលរួមពី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត មន្ត្រីសម្របសម្រួលថ្នាក់ជាតិ នៃអង្ការអន្តរជាតិ ប្រធានសហជីព មន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិតយ៉ាងច្រើនកុះករ នៅតំបន់សេដ្ឋកិច្ចពិសេស ចេជាង ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនៃកម្មពិធីលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ដើម្បីសុំវត្ថិភាព និងសុខភាពការងារ ២៨ មេសា ក្រោមប្រធានបទ «ឥទ្ធិពលនៃឌីជីថលភាវូបនីយកម្ម និងបញ្ញាសិប្បនិម្មិត (AI)» លើសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្នុងគោលបំណងបំផុសការយល់ដឹងជាសាធារណៈស្តីពីសុវត្ថិភាព សុខភាពការងារ និងការកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងការងារ។
ក្រោមការដឹកនាំប្រកបដោយឧត្តមគតិស្វាហាប់ ឈ្លាសវៃ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវៈ អត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមអត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលធ្វើឱ្យទំនាក់ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង ព្រមទាំងចូលរួមសម្រេចឱ្យបាននូវគោលដៅ សូចនាករគន្លឹះដែលបានកំណត់ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០សំដៅកសាងមូលដ្ឋានគ្រឹះប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋបាលខេត្តព្រះសីហនុបានខិតខំយកចិត្តទុកដាក់ជំរុញអនុវត្តប្រកបដោយជោគជ័យនូវអនុសាសន៍គន្លឹះទាំង ១០ចំណុច របស់សម្តេចតេជោ ហ៊ុន សែន និងអនុសាសន៍ទាំង ១០ របស់សម្តេចមហាបវរធិបតី ព្រមទាំងបានខិតខំធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរសម្រាប់កម្មករ និយោជិត គាំទ្រអនុវត្តការដំឡើងប្រាក់ឈ្នួលអប្បបរមាជាបន្តបន្ទាប់ ការកាត់បន្ថយចំនួនវិវាទការងារ ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរឡើង ជាពិសេសបានសម្របសម្រួលក្នុងការបើកផ្តល់ប្រាក់ឈ្នួលចុងក្រោយ ជូនកម្មករនិយោជិតជនជាតិខ្មែរ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាន (Scammed Online) នាពេលកន្លងមក។
រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ជាលទ្ធផលក្រុមការងារជំរុញការវិនិយោគ ទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៣០៤គម្រោងក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍»មានចំនួន ២៨៧គម្រោង មានទុនវិនិយោគសរុបប្រមាណជាង៦.៦ពាន់លានដុល្លារ។
រដ្ឋលេខាធិការក្រសួងការងារ បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសចេជាង ដែលផ្តល់កិច្ចសហការរៀបចំទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៥ ដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត រយៈពេល២០ឆ្នាំកន្លងមក យើងបានដាក់ចេញនូវប្រធានបទជាច្រើនដែលគិតគូរអំពីដល់ឧស្សាហកម្ម 4.0 ហើយប្រព័ន្ធឌីជីថល គឺជាស្មាតហ្វូនដែលយើងទទួលបាននាពេលបច្ចុប្បន្ន ក្នុងការទទួលបានព័ត៌មានមានដូចជា បណ្ណ ប.ស.ស និងលក្ខខណ្ឌការងារជាច្រើនផ្សេងទៀតមានភាពងាយស្រួល ជាពិសេសជួយដោះស្រាយបញ្ហាផ្សេងៗ និងទប់ស្កាត់គ្រោះថ្នាក់ការងារតាមរយ:ការប្រើប្រាស់ប្រព័ន្ធឌីជីថល និងបញ្ញាសិប្បនិមិត្ត (AI)។
លោក ងុយ រិទ្ធ ក៏បានថ្លែងអំណគុណតំបន់សេដ្ឋកិច្ចពិសេសចេជាង រៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ជាពិសេសការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ ផ្តល់ឪកាសការងារជូនបងប្អូនប្រជាពលរដ្ឋ ហើយទុនវិនិយោគ និងនិយោជិតរបស់យើងមាន ការកើនឡើង ដូច្នេះយើងត្រូវគិតគូរដោះ ស្រាយលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារស្របតាមបច្ចេកវិទ្យា។ រាជរដ្ឋាភិបាលបានគិតគូរពីលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារចាប់ពីយើងធ្វើការ ចេញពីកន្លែងការងាររហូតដល់ពេលចូលនិវត្តន៍ ហើយភាគីពាក់ព័ន្ធលើយតបទៅនឹងការវិនិ យោគឧស្សាហកម្មថ្មីប្រើដោយប្រព័ន្ធបច្ចេកវិទ្យាថ្មីៗរួមចំណែកក្នុងចលនាសហគមន៍សុខសាន្ត។ ឆ្នាំ២០២៥ មានក្រុមហ៊ុន សហគ្រាសទទួលបានពានរង្វាន់ចំនួនជាង៣០ និងបន្តទទួលបានការបញ្ចាទិញបន្ថែមទៀតដែលចូលរួមពីដៃគូរពាក់ព័ន្ធទទួលបានលទ្ធផលជាផ្លែផ្កា៕