(កំពង់ធំ)៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយគ្រាប់ប្រភេទ MK-82 ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្នុងតំបន់ព្រៃសហគមន៍ជាំម្រេច ភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ភ្លាមៗត្រូវបានបានរាយការណ៍មកសម្ថកិច្ចក្នុងមូលដ្ឋានចុះពិនិត្យ។

ក្រោយទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលឃុំសាលាវិស័យលោកវរសេនីយ៍ត្រី ហង់ ឡែម បានសហការជាមួយបុគ្គលិករបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចុះរុករកប្រទះឃើញគ្រាប់ប្រភេទ MK-82 (គ្រាប់ទម្លាក់ពីលើយន្តហោះសម័យ លុន ណុល) ចំនួន១គ្រាប់ នៅចំណុចទីតាំងខាងលើ។ បច្ចុប្បន្នគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើបានប្រគល់ជូនជំនាញស៊ីម៉ាក់ ដើម្បីយកទៅរក្សាទុក។

វរសេនីយ៍ត្រី ហង់ ឡែម នាយប៉ុស្តិ៍នគរបាលឃុំសាលាវិស័យ បានអំពាវនាវជាថ្មីប្រជាពលរដ្ឋទាំងអស់ សូមកុំប៉ះពាល់ ឬបោសសម្អាតឬលើកដាក់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម អាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ ក៏ដូចជាសន្តិសុខសង្គមជាត។ ដូច្នេះបងប្អូនប្រជាពលនៅពេលដែលប្រទះឃើញគ្រាប់មីន ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមរាយការណ៍ជូនកម្លាំងនគរបាល ឬកម្លាំងអង្គភាពស៊ីម៉ាក់ ដើម្បីបោសសម្អាតគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមទាំងនោះធានាសុខសុវត្ថិភាពជូនប្រជាពរដ្ឋ និងប្រទេសជាតិ៕