(ម៉ាឡេស៊ី)៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី មានពិធីចុះហត្ថលេខាលើកិច្ចសហការប្រតិបត្ដិការ ភាពជាដៃគូយុទ្ធសាស្ត្រ រវាងសមាគមន៍សម្ព័ន្ធពាណិជ្ជកម្ម សំបុកត្រចៀកកាំកម្ពុជាអន្តរជាតិ ជាមួយក្រុមហ៊ុនមន្ទីរពិសោធន៍ CAIQ Biosecurity SDN នៃប្រទេសម៉ាឡេស៊ី ដើម្បីបង្កើតក្រុមហ៊ុនមន្ទីរពិសោធន៍ថ្មី TRUST INSPECTION and CERTIFICATION (TIC ) (សំបុកត្រចៀកកាំ និងចំណីអាហារ) លើទឹកដីប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ថ្មីៗនេះ អគ្គនាយកដ្ឋានគយ នៃប្រទេសចិន (GACC) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា (MAFF) បានចុះហត្ថលេខាជាផ្លូវការលើ «ពិធីសារស្ដីពីលក្ខខណ្ឌតម្រូវ ក្នុងការត្រួតពិនិត្យចត្តាឡីស័ក និងអនាម័យបសុពេទ្យ សម្រាប់ការនាំចេញសំបុកត្រចៀកកាំឆៅ (សំបុករោម) និងសំបុកត្រចៀកកាំសម្អាតហើយ ឬអាចបរិភោគបានពីកម្ពុជា ទៅកាន់ប្រទេសចិន។ នេះបញ្ជាក់ថា ផលិតផលសំបុកត្រចៀកកាំរបស់កម្ពុជា បានទទួល «ភ្លើងខៀវ» ជាផ្លូវការសម្រាប់ការចូលទៅក្នុងទីផ្សារអន្តរជាតិ នៃប្រទេសចិន។

ការចុះហត្ថលេខាលើពិធីសារនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយ នៅក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម លើវិស័យកសិកម្ម និងផលិតផលកសិកម្ម រវាងចិន និងកម្ពុជា ហើយវាក៏បង្ហាញនូវឱកាសជាប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់ការអភិវឌ្ឍឧស្សាហកម្មសំបុកត្រចៀកកាំរបស់កម្ពុជាផងដែរ។

ការបង្កើតក្រុមហ៊ុនមន្ទីរពិសោធន៍ TIC នេះ នឹងមិនត្រឹមតែផ្ដល់នូវការគាំទ្រផ្នែកបច្ចេកទេសដ៏រឹងមាំ និងការធានាសុវត្ថិភាព សម្រាប់ការនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជា ទៅកាន់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ នូវសេវាកម្មដ៏ងាយស្រួល និងមានប្រសិទ្ធភាព សម្រាប់ផលិតផលកសិកម្ម គុណភាពខ្ពស់ ពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀត ក្នុងការចូលទៅកាន់ទីផ្សារអន្តរជាតិ និងប្រទេសចិន និងទីផ្សារអន្តរជាតិផ្សេងទៀត។

ភាពជាដៃគូនេះ ជួយពង្រឹងបន្ថែមទៀត នូវប្រព័ន្ធអេកូឡូស៊ី ក្នុងតំបន់សម្រាប់ការធ្វើតេស្តផលិតផលកសិកម្ម សម្រាប់ការនាំចេញ និងជួយជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-កម្ពុជា និងចិន-ម៉ាឡេស៊ី ក្រោមក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់មួយ និងផ្លូវមួយ ឲ្យកាន់តែមានសន្ទុះខ្លាំងក្លាឡើង នឹងឆ្ពោះទៅមុខ។

ក្រុមហ៊ុនមន្ទីរពិសោធន៍ TIC ចំណីអាហារ (សំបុកត្រចៀកកាំ) នឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូលរបស់ខ្លួន គឺ «ភាពជាអ្នកជំនាញស្តង់ដារនីយកម្ម និងតម្លាភាព» ដោយខិតខំកសាង វេទិកាសេវាកម្មចម្រុះឈានមុខគេ ក្នុងតំបន់សម្រាប់ខ្សែចង្វាក់ផ្គត់ផ្គង់សំបុកត្រចៀកកាំ និងផលិតផលកសិកម្ម ព្រមទាំងជំរុញផលិតផលកសិកម្ម ពិសេសរបស់អាស៊ីអាគ្នេយ៍នឹងឆ្ពោះទៅកាន់ឆាកពិភពលោក៕