(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង ដល់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ហើយរថយន្តនេះនឹងត្រូវប្រគល់បន្តទៅឱ្យមណ្ឌលអប់រំកែប្រែទី៤ (ម៤) នៅខេត្តពោធិ៍សាត់ ដោយសារមណ្ឌលនេះស្ថិតនៅឆ្ងាយដាច់ស្រយាលពីទីប្រជុំជន និងពិបាកក្នុងការដឹកជញ្ជូនជនជាប់ឃុំទៅព្យាបាល។

ពិធីប្រគល់ និងទទួលរថយន្តសង្គ្រោះបន្ទាន់ ១គ្រឿង ម៉ាក់ Hyundai Starex នេះ គឺជាអំណោយទី៦៣ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើឡើងតាមរយៈអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លី ហៀក រតនា ជូនដល់ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

សម្រាប់អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, ទេសរដ្ឋមន្ត្រី កែវ រ៉េមី គ្រោងនឹងជូនទៅមណ្ឌលអប់រំកែប្រែទី៤ (ម៤) នៅខេត្តពោធិ៍សាត់ ដោយសារមណ្ឌលនេះស្ថិតនៅឆ្ងាយដាច់ស្រយាល ពីទីប្រជុំជន និងពិបាកក្នុងការដឹកជញ្ជូនជនជាប់ឃុំទៅព្យាបាល។ ដូច្នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្រេចថាជូនរថយន្តខាងលើនេះទៅមណ្ឌលម៤ ដើម្បីប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែង។ ចំពោះកាលបរិច្ឆេទជាក់លាក់ក្នុងការប្រគល់រថយន្តខាងលើ គ.ស.ម.ក. នឹងជម្រាបជូនពេលក្រោយ៕