(ភ្នំពេញ)៖ ជុំវិញស្ថានភាព និងការអនុវត្តក្នុងវិស័យសារព័ត៌មាននៅកម្ពុជា ត្រូវបានលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការលើកឡើងទាំងឡាយណាដែលគ្រាន់តែនិយាយឱ្យរួចពីមាត់ ដោយគ្មានមូលដ្ឋានច្បាស់លាស់ គ្មានអ្វីសំអាង ឬតឹកតាង គ្មានទឡ្ហីករណ៍ គ្មានការសិក្សាពិតប្រាកដ គឺពុំអាចយកជាការបាននោះទេ និងអាចក្លាយជាការបំភ្លៃ។
អ្នកនាំពាក្យក្រសួងសព័ត៌មានរូបនេះ បានថ្លែងថា ផ្អែកតាមការសិក្សាស្រាវជ្រាវស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ ពុំមានការរឹតត្បិតសិទ្ធិរបស់អ្នកសារព័ត៌មាន ឬការយាយីដល់ការអនុវត្តរបស់អ្នកសារព័ត៌មាន មានតែករណីពាក់ព័ន្ធនឹងការពង្រឹងការអនុវត្តច្បាប់ចំពោះបទល្មើសក្រៅដែននៃច្បាប់ស្តីពីរបបសារព័ត៌មាន ដែលការអនុវត្តនេះបានអនុលោមតាមគោលការណ៍នៃរបបប្រជាធិបតេយ្យនីតិរដ្ឋ។ ចំពោះករណីអ្នកសារព័ត៌មានបានប្រព្រឹត្តកំហុសវិជ្ជាជីវៈ ឬជួបវិវាទខណៈពេលប្រកបការងារដោយក្រមសីលធម៌ត្រឹមត្រូវ ត្រូវបានក្រសួងព័ត៌មានផ្តល់ការគាំពារ សម្របសម្រួលដោះស្រាយ និងផ្តល់ការការពារតាមផ្លូវច្បាប់ស្របតាមច្បាប់ស្តីពីរបបសារព័ត៌មាន។
ជាមួយគ្នានេះដែរ លោក ទេព អស្នារិទ្ធ បានបន្តថា តាមលទ្ធផលនៃការស្ទង់មតិឆ្នាំ២០២៥ ពាក់ព័ន្ធនឹងលំហសេរីភាពក្នុងប្រកបការងារជាអ្នកសារព័ត៌មាន អ្នកសារព័ត៌មានចំនួនជាង ៨៦% យល់ថាអ្នកសារព័ត៌មានមានសេរីភាពពេញលេញក្នុងការយកព័ត៌មានពីប្រភពនានា ដោយសុវត្ថិភាព សម្រាប់ការផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន។ យោងតាមលទ្ធផលនេះ កម្រិតសុវត្ថិភាពការងារមានការកើនឡើងចំនួន ៦,២% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៧៩,៨%។
មន្ត្រីនាំពាក្យរូបនេះ បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២៤ ដល់ត្រីមាសទី១ ឆ្នាំ២០២៥ ដើម្បីការពារសិទ្ធិរបស់អ្នកសារព័ត៌មាន ក្រសួងព័ត៌មានបានសម្របសម្រួល ដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងការអនុវត្តវិជ្ជាជីវៈសរុបចំនួន ៥៧ករណី ដោយឈរលើមូលដ្ឋានច្បាប់ស្តីពីរបបសារព័ត៌មាន ក្នុងនោះក្រសួងបានជ្រោមជ្រែងផ្តល់មេធាវីជួយការពារក្នុងដំណើរការនៃនីតិវិធីតុលាដើម្បីដោះស្រាយបណ្តឹងចំនួន ៨ករណី ខណៈបណ្តឹងចំនួន ៤៣ករណី ត្រូវបានដោះស្រាយដោយការអប់រំតម្រង់ទិសលើការប្រតិបត្តិនិយាមវិជ្ជាជីវៈ និងក្រមសីលធម៌ ដោយឈរលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានជាគោល។
បន្ថែមពីនេះ លោក ទេព អស្នារិទ្ធ បានលើកឡើងថា ចំពោះទង្វើបំពានបទប្បញ្ញតិ្ត ច្បាប់ស្តីពីរបបសារព័ត៌មាន ក្រមសីលធម៌និងវិជ្ជាជីវៈ កិច្ចសន្យាអាជីវកម្មសារព័ត៌មាន និងការបំពានសិទ្ធិឯកជនភាពបុគ្គលធ្ងន់ធ្ងរហើយមិនព្រមកែកំហុស ក្រសួងបានអនុវត្តវិធានការលុបអាជ្ញាបណ្ណចំនួន ៩អង្គភាព និងបានចេញលិខិតព្រមានចំនួន ១៣អង្គភាព និងបានព្យួរអាជ្ញាបណ្ណចំនួន ១ អង្គភាព។
សូមបញ្ជាក់ជូនថា នៅក្នុងវិស័យសារព័ត៌មានកម្ពុជា អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មានទាំងអស់សុទ្ធតែមាននិងបានអនុវត្តសិទ្ធិ និងសេរីភាពដូចគ្នា មានតម្លៃស្មើៗគ្នា ពោលគឺពុំមានអ្នកណាមានតម្លៃលើសអ្នកណា ឬជាតួឯកក្នុងការងារនេះឡើយ ដែលនេះហើយសមភាព ភាពយុត្តិធម៌ ចម្រុះ និងបរិយាបន្ននៅក្នុងវិស័យសារព័ត៌មានកម្ពុជាសព្វថ្ងៃ។ ទាំងនេះគឺជាភាពប្រសើរឡើង ប្រកបដោយភាពធន់ និងសុខដុមនីយកម្ម ស្របតាមការប្រែប្រួល ក្នុងវិស័យសារព័ត៌មានកម្ពុជា ដែលជាភាពខ្លាំងមួយដ៏ចាំបាច់សម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍វិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជាយ៉ាងពិតប្រាកដ។ ហើយ វាបានក្លាយជាគោលដៅស្នូល ដែលត្រូវបានតួអង្គ ដៃគូជាតិអន្តរជាតិ ផ្តោតការយកចិត្តទុកដាក់ ដោយបានបន្តកិច្ចសហការជាមួយក្រសួងព័ត៌មាន ដើម្បីចូលរួមក្នុងការធានានិរន្តរភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងការគ្រប់គ្រងលំហព័ត៌មានប្រកបដោយប្រសិទ្ធភាព៕