(សៀមរាប)​៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ បានបើកវគ្គសិក្ខាសាលាស្តីពី ការពង្រឹងសមត្ថភាព ស្តីពីការរៀបចំរបាយការណ៍បច្ចេកទេស ជូនដល់សិក្ខាម ចំនួន៣០រូប ដែលជាមន្ត្រី បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ និងនាយកដ្ឋានពាក់ព័ន្ធផ្សេងៗទៀត។

វគ្គសិក្ខាសាលាខាងលើ រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ដោយមានវាគ្មិនជំនាញៗមកពីនាយកដ្ឋានពាក់ព័ន្ធចូលរួមធ្វើបទបង្ហាញ។

សិក្ខាសាលា មានគោលបំណង ពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងបន្ថែម ដល់មន្ត្រីបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ពិសេសមន្ត្រី និងបុគ្គលិក ដែលទទួលភារកិច្ច ផ្នែកការងារបច្ចេកទេស លើការងារគ្រប់គ្រង អភិរក្ស ស្រាវជ្រាវ ចុះបញ្ជីបេតិកភណ្ឌ ការងារគ្រប់គ្រងទឹក ព្រៃឈើ ការងាររៀបចំដីធ្លី ព្រមទាំងការរៀបចំឯកសារ (documentation)។

វគ្គសរសេររបាយការណ៍បច្ចេកទេស ជំរុញឱ្យសិក្ខាកាមបានយល់កាន់តែស៊ីជម្រៅបន្ថែមទៀត ស្តីពីគោលការណ៍ណែនាំ វិធីសាស្ត្រ ក្នុងកិច្ចការងារអភិរក្សបេតិកភណ្ឌ ការងារថែទាំ ជួសជុលប្រាសាទក្នុងតំបន់បេតិកភណ្ឌ អាចកំណត់សម្គាល់កម្រិតហានិភ័យ និងអាចផ្តល់ជាព័ត៌មានដ៏សំខាន់ទាំងឡាយ ចំពោះការបម្រែបម្រួលនៃស្ថានភាពប្រាសាទ ដល់អ្នកជំនាញ ដើម្បីជួយសម្រួលក្នុងការអនុវត្តការងារឱ្យបានទាន់ពេលវេលា និងសមិទ្ធផលសំខាន់ៗ ដែលបានអនុវត្តកន្លងមក។

អាជ្ញាធរជាតិអប្សរាមានកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ សម្រាប់អភិវឌ្ឍន៍សមត្ថភាពមន្ត្រី-បុគ្គលិកបន្តវេន ក្នុងនាមជាអ្នកទទួលខុសត្រូវលើការងារកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិ-សាស្ត្រអង្គរប្រកបដោយចីរភាព និងប្រសិទ្ធភាព៕