(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឆ្លើយតបថា សេរីភាពសារព័ត៌មាន មានគ្រប់គ្រាន់សម្រាប់អ្នកគោរពវិជ្ជាជីវៈ ហើយសឹងតែលើសពីគ្រប់គ្រាន់ទៅទៀត ដោយសារតែមានអ្នកមួយចំនួនបានប្រើប្រាសើអាជីពនេះបង្ករឱ្យភាពអនាធិបតេយ្យនៅក្នុងសង្គម។ ការបញ្ជាក់របស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
លោករដ្ឋមន្រ្តី បានបន្ថែមថា មានតែអ្នកដែលមិនគោរពក្រមសីលធម៌វិជ្ជាជីវៈប៉ុណ្ណោះ ដែលមើលឃើញថា លំហរសេរីភាពសារព័ត៌មាននៅកម្ពុជានៅមិនទាន់គ្រប់គ្រាន់ និងមានតែអ្នកសារព័ត៌មានដែលមិនគោរពក្រមសីលធម៌វិជ្ជាជីវៈប៉ុណ្ណោះ ដែលមានបញ្ហាក្នុងអាជីពនេះ។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងដែរថា ស្ថាប័នព័ត៌មានជិត២០០០ស្ថាប័ន និងអ្នកសារព័ត៌មានរាប់ម៉ឺននាក់ និងការការពារដោយច្បាប់ រដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាការបញ្ជាក់យ៉ាងច្បាស់ពីសេរីភាពសារព័ត៌មាននៅកម្ពុជា។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖