(ឥណ្ឌូនេស៊ី)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា អាស៊ានមិនមែនត្រឹមតែជាតួអង្គសំខាន់សម្រាប់តំបន់នោះឡើយ ពេលនេះអាស៊ានបានក្លាយជាតួអង្គសម្របសម្រួលសកល ហើយទៅថ្ងៃអនាគត អាស៊ាន​នឹងអាចផ្លាស់ប្តូរតួនាទី​ការធ្វើ​ប្រតិកម្មចំពោះពិភពលោក ទៅជាអ្នកដែលមានលទ្ធភាពជួយរៀបចំសណ្តាប់ធ្នាប់ពិភពលោកថែមទៀត។

ថ្លែងក្នុងបឋកថាស្តីពីបញ្ហាអាស៊ាន នៅអគ្គលេខាធិការដ្ឋានអាស៊ាន នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រទាញប្រទង់អំណាច បានរុញច្រាន​ឱ្យមហាអំណាចមួយចំនួន​ដើរប្រាស់ចាកពីវិធាននៃអភិបាលកិច្ចសកលដែលខ្លួនបានខិតខំបង្កើត​ឡើង​ក្រោយ​សង្គ្រាមលោកលើកទី២ ដែលបាននិងកំពុងធ្វើឱ្យសណ្តាប់ធ្នាប់អន្តរជាតិ មានការរង្គោះរង្គើ ជាពិសេសយន្តការពហុភាគីនិយម ដែលផ្អែកលើច្បាប់។

ពាក់ព័ន្ធនឹងចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ក្នុងកាលៈទេសៈបែបនេះ ​អាស៊ានពិតជា​មានតួនាទីសំខាន់​របស់ខ្លួន នៅក្នុងការជួយរៀបចំសណ្តាប់ធ្នាប់ពិភពលោក ដែលផ្អែកលើវិធានការ​ច្បាប់ផង និងកាន់តែ​មានភាពប្រជាធិបតេយ្យ និងយុត្តិធម៌ផង, ទៅថ្ងៃអនាគតអាស៊ាន​ នឹងអាចផ្លាស់ប្តូរតួនាទី​ការធ្វើ​ប្រតិកម្មចំពោះពិភពលោក ទៅជាអ្នកដែលមានលទ្ធភាពជួយរៀបចំពិភពលោកទៅវិញ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ពេលនេះ ម៉ោងនេះយន្តការសកលកំពុងថមថយឥទ្ធិពល ទាំងមហាសន្និបាតអង្គការសហប្រជាជាតិ ទាំងតួនាទីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាពិសេស​តួនាទីនៃអង្គការពាណិជ្ជកម្មពិភពលោក គឺស្ទើតែបាត់បង់ទៅហើយ ដូចនេះយន្តការតំបន់របស់យើងគឺអាស៊ាន លែងជាតួអង្គនៅក្នុងក្របខណ្ឌដោយឡែកតែតំបន់ ប៉ុន្តែត្រូវចូលរួមក្នុងការរៀប​សណ្តាប់ធ្នាប់​ឡើងវិញ នៅក្នុងទិសដៅនេះ អាស៊ានអាចមានអភិក្រមពីរយ៉ាង (១) គឺយើងអាចពង្រឹងសមត្ថភាពដោយខ្លួនឯង និង(២) គឺការពង្រឹងអន្តរកម្មរបស់អាស៊ាន ជាមួយស្ថាប័នពហុភាគីដែលមានឥទ្ធិពល។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា យើងពង្រឹងខ្លួនឯងតាមរយៈការពង្រឹងប្រសិទ្ធភាពស្ថាប័ន និងការជំរុញសមាហរណ៍កម្មកាន់តែស៊ីជម្រៅ, ការរៀបចំចក្ខុវិស័យសមាគមអាស៊ាន ឆ្នាំ២០៤៥ ដែលនឹងត្រូវ​អនុម័តនូវកិច្ចប្រជុំកំពូលនាខែឧសភានាពេលឆាប់ៗនេះ ដែលជាជំហ៊ានមួយក្នុងទិសដៅដ៏ត្រឹមត្រូវ ដែលចក្ខុវិស័យសមាគមអាស៊ាន ដែលមានផែនការយុទ្ធសាស្ត្រលើសសរស្តម្ភទាំង៣ នៃការពង្រឹងភាពតភ្ជាប់ ដែលបានមើលឃើញថា អាស៊ានមានការអភិវឌ្ឍជឿនលឿនក្នុងនាមជាមជ្ឈមណ្ឌលនៃកំណើននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕