(ឥណ្ឌូនេស៉ី)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលជាអ្នកបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា នាំមកនូវសុខសន្ដិភាពដូចពេលបច្ចុប្បន្ននេះ បានទាយចំណាប់អារម្មណ៍ជុំវិញភាពតានតឹងលើសមរភូមិយោធារវាងប្រទេសរុស្ស៉ី និងអ៊ុយក្រែង ដើម្បីឲ្យបណ្ដាថ្នាក់ដឹកនាំលើពិភពលោក ដែលចូលរួមនៅអគ្គលេខាធិការអាស៊ាន នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៉ី។
ក្នុងបាឋកថាពិសេសនៅយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានយល់ឃើញថា គ្មានផ្លូវទេដែលរុស្ស៉ី ឲ្យអ៊ុយក្រែនមានប្រៀប ហើយទើបចូលតុចរចា ខណៈដែលមតិមួយចំនួនលើកឡើងថា «ចាំអ៊ុយក្រែនវាយដណ្តើមបានដែនដីមួយចំនួនមកវិញហើយចាំចរចា ព្រោះចរចាពេលនេះចាញ់ប្រៀប» ដែលក៏ជារឿងមិនអាចទៅរួចឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំកំពុងធ្វើការប្រៀបធៀបកាលពីពេលមុននៅតំបន់របស់យើង ពោរពេញដោយជម្លោះ ប៉ុន្ដែភាពស៉ីវីល័យរបស់យើងនៅត្រង់ថា រុញច្រានបណ្ដាភាគីពាក់ព័ន្ធចូលតុចរចា។ ប៉ុន្ដែសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន គឺការចរចានៅទីណា? ជួនកាលសំឡេងខ្លះនិយាយថា បើការចរចានៅពេលនេះ គឺអ៊ុយក្រែននឹងបាត់ប្រៀប សម្ដីនេះមានន័យថា ចង់ឲ្យអ៊ុយក្រែនដណ្ដើមឧត្តមភាពយោធាជាមុន រួចហើយចាំចូលតុចរចា គ្មានផ្លូវទេដែលរុស្ស៉ី អនុញ្ញាតឲ្យអ៊ុយក្រែនមានឧត្តមភាពលើសមរភូមិដើម្បីសង្កត់តុចរចាគ្មានផ្លូវទេ»។
ផ្ទុយពីបញ្ហារុស្ស៉ី និងអ៊ុយក្រែននោះ សម្រាប់នៅក្នុងក្របខ័ណ្ឌអាស៊ានដែលចូលរួមដោះស្រាយជម្លោះកម្ពុជា គឺមិនបានគិតលើបញ្ហាសមរភូមិយោធានោះទេ តែគិតខ្លាំងលើបញ្ហាការបង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិ។ ចំណុចនេះហើយ ដែលសម្ដេចតេជោ ហ៊ុន សែន សម្ដែងនូវការគោរពចំពោះមេដឹកនាំអាស៊ាននៅជំនាន់នោះ។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, មេរៀនប្រវត្តិសាស្ដ្រនេះ នៅតែមានតម្លៃមកដល់បច្ចុប្បន្ននៅត្រង់ចំណុចថា បើទោះបីជាអាស៊ានចាត់ទុករដ្ឋាភិបាលណាមួយមិនស្របច្បាប់ក៏ដោយ ដើម្បីសន្ដិសុខ សន្ដិភាព និងស្ថេរភាពរួម អាស៊ាននៅតែបន្ដជំរុញការចរចារទាំងផ្លូវការ និងមិនផ្លូវការ ទាំងបើកចំហរ និងសម្ងាត់ដើម្បីផលប្រយោជន៍ធំដែលមិនអាចកាត់ថ្លៃបាននោះគឺ «សន្ដិភាពសម្រាប់តំបន់ទាំងមូល»។
សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា អាស៊ាន គ្មានការអល់ឯក ឬបាត់បង់កិត្តិយស ដោយសារការទាក់ទងជាមួយប្រទេសកុម្មយនីស្ដ ឬប្រទេសមិនមានឯករាជ្យពេញលេញនោះទេ ព្រោះសន្ដិភាពសម្រាប់តំបន់ទាំងមូលមានសារៈសំខាន់ជាងភាពត្រឹមត្រូវផ្នែកមនោគមន៍វិជ្ជាដែលអរូបិយទៅទៀត៕