(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា យើងត្រូវហ៊ាននិយាយការពិតថា អាស៊ានក៏ជាចំណែកមួយ ដែលចូលរួមធ្វើឱ្យសង្គ្រាមកម្ពុជាអូសអន្លាយផងដែរ ដោយសារតែអាស៊ានជួយខ្មែរក្រហម។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់អាស៊ានវិញផងដែរ ដោយសារតែអាស៊ាន ក៏បានចូលរួមសម្រាប់ការកសាងសន្តិភាពកម្ពុជាវិញដែរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសធ្វើបាឋកថាស្តីពីបញ្ហាអាស៊ាន នៅអគ្គលេខាធិការដ្ឋាន អាស៊ាន ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។ សម្តេចបានលើកឡើងថា តំបន់អាស៊ីអាគ្នេយ៍ គឺធ្លាប់បែងចែកជាប្លុកពីរយ៉ាងច្បាស់ ប្លុកមួយគឺអាស៊ាន៥ និងប្លុកមួយគឺឥណ្ឌូចិន។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «អាស៊ានក៏មានដំណាក់កាលជួយអូសបន្លាយសង្គ្រាមនៅកម្ពុជាដែរ នេះយើងត្រូវហ៊ាននិយាយការណ៍ពិត។ ខ្ញុំអាចនិយាយបានថា ប្រសិនបើគ្មានវត្តមានអាស៊ានជួយខ្មែរក្រហមនោះទេ ខ្មែរក្រហមអាចនឹងងាយស្លាប់ សង្គ្រាមនៅកម្ពុជា អាចឆាប់ចប់។ ប៉ុន្តែ តាមរយៈសកម្មភាពមួយចំនួនរាប់ទាំងទឹកដីអាស៊ាន ត្រូវបានបង្កើតនូវរដ្ឋាភិបាលត្រីភាគី ដើម្បីទៅកាន់កាប់ជួបសម្របសម្រួលភាពស្របច្បាប់ របស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ក៏ជាមូលហេតុមួយនៃការអូសបន្លាយ ប៉ុន្តែបើនិយាយថយក្រោយថែមបន្តិចទៀត យើងត្រូវហ៊ាននិយាយការណ៍ពិត នោះនៅពេលសង្គ្រាម ដែលគេហៅថាសង្គ្រាមឥណ្ឌូចិន ឬសង្គ្រាមវៀតណាម ទឹកដីអាស៊ាន ប្រទេសអាស៊ានខ្លះបានក្លាយទៅជាទីតាំងយោធារបស់បរទេស ទម្លាក់គ្រាប់បែកនៅកម្ពុជា នៅវៀតណាម នៅឡាវ»