(ព្រះសីហនុ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុក ការចូលរួមរបស់វិស័យឯកជន ជាចំណែកវិជ្ជមានក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរ និងកម្ពុជាជាគោលដៅទេសចរណ៍ដ៏សុវត្ថិភាពដែលវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជា «មាសបៃតង» និងជាវិស័យអាទិភាព។
ការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្វើឡើងក្នុងឱកាសអញ្ជើញជាកិត្តិយសសម្ពោធជាផ្លូវការសណ្ឋាគារ TUI BLUE ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពី លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ លោក លោកស្រីប្រធានមន្ទីរ អង្គភាព ភ្ញៀវជាតិ និងអន្តរជាតិ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងនាមក្រសួងទេសចរណ៍ បានចូលរួមអបអរសាទរចំពោះក្រុមហ៊ុន TUI Hotels & Resorts ពង្រីកវត្តមាននៅទីនេះ ក្នុងប្រទេស កម្ពុជា រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍នៅកម្ពុជា ពិសេសលើផ្នែកបដិសណ្ឋារកិច្ច និងការស្នាក់នៅ។ កម្ពុជា ជាគោលដៅទេសចរណ៍ដ៏សុវត្ថិភាព ហើយវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជា «មាសបៃតង» និងជាវិស័យអាទិភាព។ ក្នុងន័យនេះ វិស័យទេសចរណ៍កំពុងអភិវឌ្ឍគួរឲ្យកត់សម្គាល់ ដោយមានកំណើនជាវិជ្ជមានជារៀងរាល់ឆ្នាំ។
ទន្ទឹមនេះ ដើម្បីទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ចសង្គម និងទេសចរណ៍ឲ្យមានការរីកចម្រើនប្រកបដោយគុណភាព និងនិរន្តភាព រដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និងស្តារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរួមមាន៖ ផ្លូវថ្នល់ ការរៀបចំកែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង រាវ បន្ទប់ទឹកសាធារណៈ ការរៀបចំសួនច្បារ និងកំពង់ផែទេស ចរណ៍ស្តង់ដា ជាពិសេសពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជំរុញយុទ្ធនាការទីក្រុងស្អាត ឆ្នេរស្អាតនៅក្នុងទីក្រុង ទីប្រជុំជន និងនៅតាមតំបន់ឆ្នេរឱ្យកាន់តែមានសោភ័ណភាព បរិស្ថានល្អប្រសើរ រួមទាំងជំរុញការបង្កើនគុណភាពផលិតផលសេវា និងការរក្សាភាពញញឹមរួសរាយរាក់ទាក់ជាប្រពៃណីរបស់ប្រជាជនយើង ក្នុងការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវយ៉ាងកក់ក្ដៅ ក្នុងស្មារតីស្រលាញ់រាប់អាន សហប្រតិបត្តិការ ល្អ និងចូលរួមកាន់តែខ្លាំងក្លាដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត រម ណីយដ្ឋានស្អាត សេវាល្អ ដើម្បីធ្វើឱ្យខេត្តក្លាយជាគោលដៅទេសចរណ៍ឈានមុខប្រកបដោយភាពសម្បូរបែបពោពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ ។
វិស័យទេសចរណ៍ ជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់មួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីសម្រេចបាននូវកំណើនទេសចរណ៍ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ ក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ ក្រោមពាក្យស្លោកសំខាន់ៗចំនួនបីរួមមាន៖ ទី១៖ ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍ ទី២៖ ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព និងទី៣៖ បុគ្គលម្នាក់ៗ គឺជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់។ ពាក្យស្លោកនេះជាការជម្រុញលើកទឹកចិត្តឲ្យបុគ្គលគ្រប់រូបដើរតួនាទីក្នុងការលើកកម្ពស់ទេសចរណ៍វប្បធម៌ និងធម្មជាតិនៅកម្ពុជា នឹងការអភិវក្សអត្តសញ្ញាណខ្មែរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់ កើនឡើងប្រមាណ ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងឆ្នាំ២០២៤ មានទេសចរអាល្លឺម៉ង់ជិត ៧៥,០០០នាក់ (ប្រាំពីរម៉ឺនប្រាំពាន់នាក់) ក្នុងចំណោមភ្ញៀវទេសចរមកពីបណ្តាប្រទេសអឺរ៉ុបប្រមាណជិត ៦៦៧,០០០នាក់ កើនឡើងជិត ១៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅចំពោះភ្ញៀវ និងអ្នកវិនិយោគិនអន្តរជាតិ តាមរយៈការលើកកម្ពស់បរិយាកាសបដិសណ្ឋារកិច្ច ដើម្បីឆ្លើយតបតាមតម្រូវការរបស់ភ្ញៀវ និងអ្នកវិនិយោគិនអន្តរជាតិ។
ដោយឡែក លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្លែងស្វាគមន៍ពិធីសម្ពោធបើកឲ្យដំណើរការសណ្ឋាគារ ធួយ ប៊្លូ TUI BLUE ខេត្តព្រះសីហនុ ជាសក្ខីភាពថ្មីមួយទៀតបង្ហាញឲ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាជាប្រមុខដឹកនាំ។ លោកអភិបាលខេត្តព្រះសីហនុ ក៏បានជូនពរឲ្យសណ្ឋាគារ និងរីស្សត ធួយ ប៊្លូ ទទួលបានជោគជ័យក្នុងមុខជំនួញរបស់ ខ្លួន និង មាន ការគាំទ្រកាន់តែច្រើនឡើងពីភ្ញៀវជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះ លោក ម៉ាង ស៊ីណេត បញ្ជាក់ថា ការសម្ពោធបើកឲ្យដំណើរការសណ្ឋាគារ និងរីស្សតនាពេលនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញ និងលើកកម្ពស់ សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុឲ្យកាន់តែទទួលបានភាពទាក់ ទាញ និងរីក ចម្រើន ទៅមុខជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ និងមកពីបណ្ដាខេត្តផ្សេងៗ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាម គោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាគឺ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះ ឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕