(កណ្តាល)៖ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងអភិវឌ្ឍប្រព័ន្ធចម្លោះទឹកកខ្វក់នេះ នឹងផ្តល់អត្ថប្រយោជន៍​ជាច្រើនដល់សហគមន៍ ខាងផ្នែកសុខភាពសាធារណៈ និង បរិស្ថាន, តាមរយៈ ការកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងការការពារបរិ​ស្ថាន, សំដៅចូលរួមលើកកម្ពស់ សុខភាព និង សុខុមាលភាព របស់ប្រជាជន ជាពិសេស អ្នករស់នៅក្នុង និង ជុំវិញក្រុងតាខ្មៅ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណជាអនេកចំពោះប្រជាជន និង រដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានរួមចំណែកឈានមុខដល់ការអភិវឌ្ឍនៅកម្ពុជា លើគ្រប់វិស័យ, ពិសេសលើវិស័យសំខាន់ៗ ដូចជា៖ វិនិយោគ, ពាណិជ្ជកម្ម, ទេសចរណ៍, អប់រំ, សុខាភិបាល, ការងារ និង ហេដ្ឋារចនាសម្ព័ន្ធ, រួមទាំងការទទួលយកពលករកម្ពុជាជាច្រើន ទៅបម្រើការងារនៅ ប្រទេសកូរ៉េក្នុងលក្ខខណ្ឌល្អប្រសើរ គួរជាទីទុកចិត្ត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចពីគុណតម្លៃនៃទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងរយៈពេល២៨ឆ្នាំមកនេះ។ សម្តេចមហាបវរធិបតី បានថ្លែងថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង ដែលប្រឹងប្រែងបង្កើតឡើងវិញ ដោយសម្តេចតេជោ បានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់ជាតិ និងប្រជាជន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ​ចំពោះ​ក្រសួង​សាធារណការ និង ដឹកជញ្ជួន ក្នុងនាមជាសេនាធិការ​របស់រាជ​រដ្ឋាភិបាល ដែលបានយកចិត្ត​ទុកដាក់ខ្ពស់ ក្នុងការអនុវត្តការងារ​ប្រកបដោយឆន្ទៈមោះមុត ជាពិសេសការដាក់ចេញនូវយន្តការគន្លឹះ, ការអភិវឌ្ឍមូលធនមនុស្ស និងការពង្រឹងពង្រីកកិច្ចសហប្រត្តិបត្តិការ និងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍវិស័យហេដ្ឋា​រចនា​សម្ព័ន្ធ និងប្រព័ន្ធឡូជីស្ទិក ស្របតាម កម្មវិធីនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរយៈពេលវែង របស់រាជរដ្ឋាភិបាល ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់- កាលទី១ ដោយបន្តកំណត់យក «មនុស្ស» ជាអាទិភាពគន្លឹះទី ១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលផ្តោតកាន់តែខ្លាំងលើបញ្ហាសុខភាព និង សុខុមាលភាព របស់ប្រជាជនកម្ពុជា, ទាំងនៅទីប្រជុំជន និង ទីជនបទ, ហើយការអភិវឌ្ឍប្រព័ន្ធចម្លោះទឹកកខ្វក់ជាបន្តបន្ទាប់នេះ គឺជាការខិតខំមួយក្នុងចំណោមការប្រឹងប្រែងទាំងឡាយរបស់រាជរដ្ឋាភិបាល ដើម្បីបន្តកាត់បន្ថយអត្រាឈឺ និង ស្លាប់បណ្តាលមកពី ការឆ្លងជំងឺកង្វះអនាម័យ និង បរិស្ថានកខ្វក់៕

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលរដ្ឋមានសុខភាពល្អជាលាភ ជាទ្រព្យ តែពលរដ្ឋមានសុខភាពមិនល្អជាបន្ទុក។ អាស្រ័យហេតុនេះហើយ ទើបរាជរដ្ឋាភិបាលយកចិត្តទុកដាក់លើការលើកកម្ពស់សុខភាពប្រជាពលរដ្ឋឱ្យល្អប្រសើរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការគិតគូរលើបញ្ហាសំរាម និងទឹកកខ្វក់ ក៏ជាការគិតគូរដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលសុខភាពប្រជាពលរដ្ឋមិនល្អ កម្លាំងអភិវឌ្ឍន៍ជាតិក៏ជួបបញ្ហាដែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើមិនមានការគិតគូរពីការសាងសង់អាងចម្រោះទឹកកខ្វក់ទេ វានឹងបង្កផលប៉ះពាល់ខ្លាំងដល់សុខភាពរបស់ប្រជាពលរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការលើកកម្ពស់ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ ជាកិច្ចការចម្បងរបស់រាជរដ្ឋាភិបាល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចគ្មានវេលាចម្បែងនឹងចលនានាដែលចង់បំផ្លាញប្រទេសនោះទេ គឺមានតែពេលគិតគូរដល់ការកសាងប្រទេស និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខ្មែរពីមុនមិនធ្លាប់មានស្ពានអាកាសពីរជាន់ អ៊ីចឹងហើយពេលមានសមិទ្ធផលទើបសម្តែងការសាទរ។ សមិទ្ធផល ឬទ្រព្យកើតពីកម្លាំងប្រឹងប្រែងផ្ទាល់ខ្លួន ជាទ្រព្យពោរពេញដោយគុណតម្លៃ និងពោរពេញដោយមោទនភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងក្របខ័ណ្ឌ​គោល​ដៅអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កម្ពុជា, រាជរដ្ឋាភិបាលបានកំណត់គោលដៅក្នុងការកាត់បន្ថយការបង្ហូរទឹកកខ្វក់ ដែលមិនទាន់ធ្វើប្រព្រឹត្តកម្ម ឬ បានធ្វើប្រព្រឹត្តកម្ម ប៉ុន្តែមិនទាន់បានត្រឹមត្រូវ ចូលក្នុងតំបន់ទឹកសាធារណៈ ដូចជា សមុទ្រ ទន្ល ស្ទឹង បឹង ព្រែក ត្រពាំង ឱ្យបាន ៥០ភាគរយ ត្រឹមឆ្នាំ ២០៣០ តាមរយៈការដាក់ចេញនូវវិធានការចាំបាច់នានា រួមទាំងការ​អភិវឌ្ឍប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ឱ្យបានទូលំទូលាយ និងប្រកប​ដោយ​នវានុវត្ត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ថ្នាក់ដឹកនាំរាជធានី ខេត្ត យកចិត្តទុកដាក់លើសកម្មភាព​រោងចក្រ សហគ្រាសនានា ឱ្យរៀបចំប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យត្រឹមត្រូវ ដើម្បីចម្រោះទឹកចេញពីរោងចក្រ សហគ្រាស មុនបង្ហូរចូលទឹកសាធារណៈ។

* សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត ណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និង ដៃគូអភិវឌ្ឍ ដើម្បីជំរុញការសិក្សារៀបចំផែនការមេអភិវឌ្ឍប្រព័ន្ធ ចម្លោះ និង ប្រព្រឹត្តកម្មទឹកកខ្វក់ នៅទីក្រុង និង ទីប្រជុំជនធំៗ ដោយធានាឱ្យមានសង្គតិភាពទៅ នឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅទីនោះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវគិតគូរបន្ថែមទៀតលើការអភិវឌ្ឍហេដ្ឋារចនា​សម្ព័ន្ធ​នៃប្រព័ន្ធចមោះទឹកកខ្វក់ នៅតាមតំបន់ទីក្រុង និងទីប្រជុំជន​សំខាន់ៗ ឱ្យស្របតាមកំណើនប្រជាជន និង ការរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេស ការគ្រប់គ្រងឱ្យបាននូវការបញ្ចេញសំណល់រឹង សំណល់រាវ ដើម្បីលើកកម្ពស់អនាម័យ បរិស្ថាន និង សោភ័ណភាពទីក្រុង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រ និង ជំរុញការសិក្សាគម្រោងអភិវឌ្ឍប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុង ដើម្បីបង្កើនសមត្ថភាពចម្រុះទឹកកខ្វក់ សំដៅឆ្លើយតបតាខ្មៅ ជំហាន​ទី២ ឱ្យបានឆាប់រហ័ស ទៅនឹងតម្រូវការជាក់ស្ដែងឱ្យកាន់តែប្រសើរ ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវរួមគ្នា សិក្សាវាយតម្លៃអំពីលទ្ធភាពនៃការអភិវឌ្ឍប្រព័ន្ធចម្រុះ និង ប្រព្រឹត្តកម្មទឹកកខ្វក់ ក្រោមយន្តការ ភាពជាដៃគូរវាងរដ្ឋ និង ឯកជន ដើម្បីពន្លឿនការអភិវឌ្ឍ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង កាត់បន្ថយហានិភ័យ និង ជំរុញការប្រើប្រាស់បច្ចេកវិទ្យាដែលមាន​ការនវានុវត្តខ្ពស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និង ដៃគូអភិវឌ្ឍ ដើម្បីបន្តបញ្ជ្រាបការយល់ដឹងអំពីសារប្រយោជន៍ និង របៀបរស់នៅបែបថ្មី ឱ្យបានទូលំទូលាយ, និង ជំរុញការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជននៅមូលដ្ឋាន ក្នុងការប្រើប្រាស់ប្រព័ន្ធចមោះទឹកកខ្វក់ និង ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ឱ្យបានត្រឹមត្រូវ ដោយធ្វើយ៉ាងណាកៀរគរបងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមសហការតភ្ជាប់បណ្ដាញលូនៅតាមលំនៅឋាន របស់ខ្លួនជាមួយបណ្តាញលូសាធារណៈ។

* សម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវពន្លឿនការសិក្សារៀបចំលិខិតបទដ្ឋាន គតិយុត្តចាំបាច់នានា ដូចជា៖ អនុក្រឹត្យ ប្រកាស និង បទប្បញ្ញត្តិបច្ចេកទេស ដើម្បីជំរុញការ អនុវត្តច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ឱ្យមានប្រសិទ្ធភាព តាមរយៈ ការកំណត់យន្តការជាក់លាក់ សម្រាប់ ការគ្រប់គ្រង ការអភិវឌ្ឍ ការសាងសង់ ការជួសជុល ការថែទាំ ការធ្វើប្រតិបត្តិការ និង ការ- ប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធទឹកកខ្វក់ ស្របតាមនិយាមបច្ចេកទេសជាតិ និងអន្តរជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើដល់ភាគីក្រុមហ៊ុន KUMHO-TECHCROSS ទទួលបន្ទុក សាងសង់, និង ក្រុមហ៊ុន DOHWA-SEOYOUNG ទទួលបន្ទុកត្រួតពិនិត្យបច្ចេកទេសត្រូវយក ចិត្តទុកដាក់ខ្ពស់ ក្នុងការសាងសង់ និង ការត្រួតពិនិត្យបច្ចេកទេស ឱ្យបានត្រឹមត្រូវ តាម ស្តង់ដាបច្ចេកទេស និង ប្រកបដោយគុណភាព ហើយក៏ស្នើសុំការយោគយល់ និងអធ្យាស្រ័យ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ដោយសារគម្រោង សាងសង់នេះ។

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៩៖៥០នាទីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕