(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការបង្កើតគោលនយោបាយដោយផ្អែកលើភស្តុតាងសម្រាប់ការងារសមរម្យ» ក្រោមអធិបតីភាពលោក សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីតំណាងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងសមាគមនិយោជក តំណាងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា សរុបចំនួន៤២នាក់ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ និងបង្រៀនដោយអ្នកជំនាញពីអង្គការអន្តរជាតិការងារ (ILO) លើប្រធានបទសំខាន់ៗដូចជា៖ ទី១៖ អង្គការអន្តរជាតិខាងការងារ (ILO) កិច្ចសន្ទនាសង្គម និងការងារសមរម្យ ទី២៖ការបង្កើតគោលនយោបាយដោយផ្អែកលើភស្ដុតាងសម្រាប់ការងារសមរម្យ និង៣៖ ដំណើរការនៃការបង្កើតគោលនយោបាយដោយផ្អែកលើភស្ដុតាង ដែលរួមមានការកំណត់សំណួរគោលនយោបាយ, ការស្វែងរកភស្ដុតាង, វាយតម្លៃភស្ដុតាង, ការសំយោគភស្ដុតាង, ការអនុវត្ត, ការទំនាក់ទំនងភស្ដុតាង, និងការបង្កើតសេចក្ដីព្រាងនៃគោលនយោបាយសង្ខេប។ល។
ថ្លែងក្នុងអង្គពិធីនេះ លោករដ្ឋលេខាធិការ សោម ចំណាន បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់មន្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសរបស់សមាសភាពត្រីភាគី ដែលជាអ្នកចូលរួមបង្កើតគោលនយោបាយ ដើម្បីទទួលបានចំណេះដឹងអំពីគោលការណ៍សំខាន់ៗ របស់អង្គការអន្តរជាតិខាងការងារ (ILO), ទស្សនាទាននៃការងារសមរម្យ និងដំណើរការនៃការកសាងគោលនយោបាយក្នុងបរិបទនៃការងារសមរម្យ ព្រមទាំងភាពខុសគ្នារវាងការកសាងគោលនយោបាយដោយផ្អែកលើការស្រាវជ្រាវ និងការកសាងគោលនយោបាយដោយផ្អែកលើភស្តុតាង ជាពិសេសវិធីសាស្ត្រស្រាវជ្រាវនិងការកសាងគោលនយោបាយ ការវាយតម្លៃភស្តុតាងសម្រាប់ការងារសមរម្យ និងការទំនាក់ទំនងនិងការតស៊ូមតិ សម្រាប់ការងារសមរម្យ។
បន្ថែមពីនេះ លោករដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាការពង្រឹងការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសកម្ពុជា និងអង្គការ ILO ក្នុងការជំរុញការងារសមរម្យ និងយុត្តិធម៌សង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយចីរភាព និងបរិយាបន្ន៕