(ឥណ្ដូនេស៊ី)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងចែករំលែក​មេរៀនសំខាន់ៗចំនួន៣ចំណុច ពាក់ព័ន្ធនឹងដំណើរការដឹកនាំកសាងសន្តិភាព និងការផ្សះផ្សាកម្ពុជា។

ការចែករំលែករបស់សម្ដេចតេជោ បានធ្វើឡើងនាឱកាសដែល សម្ដេចអញ្ជើញថ្លែងបាឋកថាក្នុងសិក្ខាសាលា ស្តីពី «ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» រៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និង អាស៊ីបូព៌ា នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥នេះ នៅប្រទេសឥណ្ឌូនេស៊ី។​

សម្ដេចតេជោ បានថ្លែងរំលឹកអំពីការបង្កើតនយោបាយឈ្នះឈ្នះនៅឆ្នាំ១៩៩៦ ដោយដាក់ចេញនូវការធានាបីធំៗ ដោយរំលាយអង្គការចាត់តាំងខ្មែរក្រហម តាមរយៈយុទ្ធសាស្ត្រ DIFID។ ប៉ុន្តែសម្ដេច បានបញ្ជាក់ថា​មិ នប្រាកដថា នយោបាយឈ្នះៗ ដែលជាបទពិសោធន៍របស់កម្ពុជា នឹងអាចយកទៅប្រើប្រាស់ចំពោះប្រទេសផ្សេងបានឡើយ ដោយសារតែស្ថានភាពខុសគ្នា។

យ៉ាងណាមិញ ចំពោះមុខអង្គពិធី សម្ដេចបានថ្លែងចែករំលែកដោយផ្តល់នូវសេចក្តីសង្ខេបខ្លីៗទាក់ទងនឹងមេរៀនសំខាន់ៗ ដែលស្រង់ចេញពីដំណើរការដឹកនាំកសាងសន្តិភាព និងការផ្សះផ្សាកម្ពុជា ដូចតទៅ៖

* ទី១៖ ភាពជាម្ចាស់លើជោគវាសនាប្រទេសជាតិ។ ប្រទេសជាតិមួយត្រូវតែមានភាពជាម្ចាស់ លើបញ្ហាជាតិរបស់ខ្លួន។ នៅពេលដែលប្រជាជាតិមួយបាត់បង់ម្ចាស់ការលើជោគវាសនារបស់ប្រទេសខ្លួន ពេលនោះហើយ​ដែលប្រទេសជាតិត្រូវទទួលរងការបែកបាក់ និងគ្រោះមហន្តរាយ។ ដូចគ្នាដែរ ដំណើរការស្វែងរកសន្តិភាពក៏ត្រូវតែចាប់ផ្តើមចេញពីពលរដ្ឋម្ចាស់ប្រទេស ហើយដំណោះស្រាយដែលយូរអង្វែងក៏ទាមទារឱ្យមានការចូលរួមពីប្រជាជន និងកងកម្លាំងប្រដាប់អាវុធគ្រប់និន្នាការនយោបាយផងដែរ មុននឹងឈានទៅសម្រេចបាននូវឯកភាពជាតិ និងកងកម្លាំងប្រដាប់អាវុធជាតិតែមួយ។

ចំណុចនេះ សម្ដេចប្រធានព្រឹទ្ធសភា បានថ្លែងថា ទោះបីជាកម្ពុជាទទួលបានការជ្រោមជ្រែងពីមិត្តបរទេស និងអង្គការសហប្រជាជាតិយ៉ាងណាក្ដី សន្តិភាពយូរអង្វែងមិនអាចកើតឡើងបានទេ ប្រសិនបើម្ចាស់ប្រទេសមិនខិតខំផ្តួចផ្តើម និងកសាងដោយខ្លួនឯង ហើយនេះគឺជាអត្ថន័យពិតប្រាកដនៃនយោបាយឈ្នះ-ឈ្នះ ដែលផ្តួចផ្តើមឡើងដោយជនជាតិខ្មែរ និងចូលរួមអនុវត្ត និងទទួលផលដោយជនជាតិខ្មែរ។

* ទី២៖ សហគមន៍អន្តរជាតិត្រូវតែរួមគ្នាការពារសន្តិភាព ដែលមានស្រាប់ជាជាងស្វែងរក ឬកសាងសន្តិភាពដែលបាត់បង់។ សង្គ្រាម គឺពិតជាបញ្ហាងាយ ប៉ុន្តែដើម្បីបញ្ចប់សង្គ្រាមកម្ពុជាត្រូវការរយៈពេលជិត ៣០ឆ្នាំ។ យើងទើបតែមានសន្តិភាពពេញលេញចំនួន ២៦ឆ្នាំ ប៉ុណ្ណោះតែក៏ជាសន្តិភាពរយៈពេលវែងជាងគេក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំរបស់ខ្លួន។ ប៉ុន្តែជាការគួរឱ្យសោកស្ដាយ ដែលយើងបែរជាទទួលរងការរិះគន់ថា យើងនិយាយតែពីសន្តិភាព បំភិតបំភ័យពីសង្គ្រាមទៅវិញ ហើយយុវជនយើងមួយចំនួនបានភ្លេចនូវគុណតម្លៃនៃសន្តិភាពជាបណ្តើរៗ ហើយខ្លះទៀតថែមទាំងគិតចង់ទាមទារការផ្លាស់ប្ដូររដ្ឋាភិបាលតាមបែបមិនប្រជាធិបតេយ្យ ទោះបីជាត្រូវបង់ខាតសន្តិភាពក៏ដោយ។

ការណ៍នេះ សម្ដេច បានមានប្រសាសន៍ថា និន្នាការបែបនេះ គឺជានិន្នាការដ៏គ្រោះថ្នាក់បំផុត ដែលសហគមន៍អន្តរជាតិទាំងមូលត្រូវចូលរួមបង្ការ ថ្កោលទោស និងទប់ទល់នូវមនោគមវិជ្ជាជ្រុលនិយមបែបនេះ។ យើងត្រូវខិតខំអប់រំប្រជាពលរដ្ឋអំពីគុណតម្លៃនៃសន្តិភាព ពីព្រោះថានៅពេលដែលគ្មាន​សន្តិភាព យើងមិនអាចនិយាយដោយពិរោះនូវពាក្យថា «សិទ្ធិមនុស្ស លទ្ធិប្រជាធិប​តេយ្យ និង​ការអភិវឌ្ឍ» នោះឡើយ។ សម្ដេច បានបន្តថា គេបែរជានាំគ្នាបំភ្លេចពាក្យថា​ «សន្ដិភាព» គួរតែរក្សាសន្ដិភាពដែលមាន ប្រសើរជាងស្វែងរកសន្តិភាពដែលបាត់បង់ទៅហើយ។

* ទី៣៖ បើទោះជាសម្រេចបានសន្តិភាពក៏ដោយ ក៏សន្តិភាពមិនស្ថិតនៅគង់វង្សយូរអង្វែងដែរ​​ ប្រសិនបើគ្មានការបង្រួបបង្រួមជាតិ​ ការផ្សះផ្សា យុត្តិធម៌ និង​ការអភិវឌ្ឍប្រកបដោយចីរ​ភាព និងបរិយាប័ន្ន។ តាមរយៈបទពិសោធរបស់កម្ពុជា យើងត្រូវខិតខំរិះរកវិធីសាស្ត្រនានានៅក្នុងការធានាសន្តិភាពឱ្យបានយូរអង្វែង និង​ចាក់ឫសរឹងមាំក្នុងសង្គមជាតិ តាមរយៈការផ្សះផ្សា​និងបង្រួបបង្រួមជាតិ​។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចពីសារៈសំខាន់នៃការជំរុញ «វប្បធម៌សន្ទនា» នៅក្នុងវប្បធម៌នយោបាយរបស់កម្ពុជា ដោយសារតែប្រទេសកម្ពុជាបានឆ្លងកាត់វដ្តនៃអំពើហិង្សាដ៏កាចសាហាវ ការផ្លាស់ប្តូររបបជាញឹកញាប់ដោយមធ្យោបាយមិនប្រជាធិបតេយ្យ និងការសងសឹកឥតឈប់ឈរ។

សម្ដេចប្រធានព្រឹទ្ធសភា បានថ្លែងថា ទោះបីជានៅក្រោយពេលដែលកម្ពុជាបានទទួលសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ក៏សម្ដេចនៅតែបន្តអនុវត្ត «វប្បធម៌សន្ទនា» ជាមួយគណបក្សនយោបាយផ្សេងៗ ដើម្បីបង្កើតភាពសុខដុម ពង្រឹងឯកភាពជាតិ និងបណ្តុះលទ្ធិប្រជាធិបតេយ្យ​។

ជាថ្មីម្ដងទៀត សម្ដេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជាទទួលស្គាល់ថា «លទ្ធិប្រជា-ធិបតេយ្យ» គឺជារបបគ្រប់គ្រងដែលគោរពភាពចម្រុះ និង​ផ្តល់នូវមធ្យោបាយដ៏មានប្រសិទ្ធភាពនៅក្នុងការដោះស្រាយ និងគ្រប់គ្រងការខ្វែងគំនិតនយោបាយដោយប្រើសន្លឹកឆ្នោត ជាជាងគ្រាប់កាំភ្លើង ​អំពើហិង្សា ឬ​ការបះបោរ៕