(ឥណ្ឌូនេស៉ី)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា មិនប្រាកដថា នយោបាយឈ្នះឈ្នះ ឈានទៅបិទបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជា និងមានការបង្រួបបង្រួមជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដែលជាបទពិសោធន៍របស់កម្ពុជា នឹងអាចយកទៅប្រើប្រាស់ចំពោះប្រទេសផ្សេងបានឡើយ ពីព្រោះដោយសារតែស្ថានភាពខុសគ្នា។
ដែលហៅថា នយោបាយឈ្នះឈ្នះ គឺជាការបញ្ចប់សង្គ្រាមដោយគ្មានការបង្ហូរឈាមនិងគ្មានអ្នករងគ្រោះ ពោលគឺខ្មែរឈ្នះទាំងអស់គ្នា។ អាថ៌កំបាំងនៃនយោបាយឈ្នះឈ្នះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បង្ហាញជាសាធារណៈរួចហើយដោយវាមានធាតុផ្សំសំខាន់៣គឺទី១៖ ធានាអាយុជីវិត, ទី២៖ ធានាអាជីព និងមុខរបរ និងទី៣៖ ធានាកម្មសិទ្ធិឯកជន ជូនដល់គូជម្លោះ។ ដោយសារសន្តិភាពទើបកម្ពុជាមានអ្វីៗដូចសព្វថ្ងៃ។ ការបញ្ចប់សង្គ្រាមតាមរូបមន្តពិសេសបែបនេះកម្រកើតមានខ្លាំងណាស់នៅក្នុងពិភពលោកដែលភ្លើងសង្គ្រាមកំពុងបន្តឆាបឆេះនៅច្រើនកន្លែង។
ជាក់ស្តែង ខណៈដែលប្រជាពលរដ្ឋនៃប្រទេសជាច្រើនកំពុងរងទុក្ខដោយសារសង្គ្រាម និងកំពុងស្រែកដង្ហោយរកសន្តិភាព ប្រជាពលរដ្ឋខ្មែរកំពុងជ្រកក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព។ ខណៈដែលប្រជាជនរាប់រយលាននាក់លើភពផែនដីកំពុងបួងសួងសុំសន្តិភាព ប្រជាពលរដ្ឋខ្មែរកំពុងនិយាយដោយអំណរថា «អរគុណសន្តិភាព»។ ដូច្នេះ ពិភពលោកដែលកំពុងព្យាយាមដោយលំបាកលំបិនបំផុតក្នុងការពន្លត់ភ្លើងសង្គ្រាម ជាពិសេសប្រទេសដែលកំពុងមានសង្គ្រាមដោយផ្ទាល់គួរតែមកសិក្សាពីនយោបាយឈ្នះឈ្នះ របស់កម្ពុជាដែលជារូបមន្តដ៏ស័ក្តិសិទ្ធិ និងល្អឯកក្នុងការបញ្ចប់សង្គ្រាមដោយគ្មានអ្នកចាញ់។
ការបញ្ជាក់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងដែលសម្តេចបានអញ្ជើញថ្លែងបាឋកថា ក្នុងសិក្ខាសាលា ស្តីពី «ទស្សនៈ និង បទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» រៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និង អាស៊ីបូព៌ា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នាទីក្រុងហ្សាការតា, ប្រទេសឥណ្ឌូនេស៊ី។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្តេចក៏បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំរបស់ខ្មែរក្រហម ដែលគណៈរដ្ឋមន្ត្រីរបស់ លោក ខៀវ សំផន បានមកជួបសម្ដេចនៅផ្ទះ កាលពីឆ្នាំ១៩៩៨ ជាការបញ្ជូនសារ ៣ចំណុច។ សារទី១៖ ជម្រាបជូនទៅកម្លាំងប្រដាប់អាវុធ ដែលនៅសេសសល់ឱ្យបញ្ឈប់ការប្រយុទ្ធ ពីព្រោះថ្នាក់ដឹកនាំរបស់របបខ្មេរក្រហមបានមកចុះចូលជាមួយរដ្ឋាភិបាល ដល់ផ្ទះទៅហើយ, សារទី២៖ បញ្ជូនសារទៅកាន់ប្រជាជនកម្ពុជាថា សង្គ្រាមបានបញ្ចប់ហើយ ដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់ ទន្ទឹមរងចាំគឺបានបញ្ចប់ហើយ និងសារទី៣៖ បញ្ជូនទៅកាន់សហគមន៍អន្តរជាតិ ថា សូមអញ្ជើញមកធ្វើទេសចរណ៍ និងវិនិយោគនៅកម្ពុជាឡើងវិញ ពីព្រោះកម្ពុជា បានបញ្ចប់សង្គ្រាមស៉ីវិលហើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សន្តិភាពនៅកម្ពុជា មានអាយុកាលជាង២៦ឆ្នាំ គ្មានកម្លាំងប្រដាប់អាវុធច្រើននោះទេ ប៉ុន្តែ ដំបូលសុខសន្តិភាព នៅកម្ពុជា គឺមានគណបក្សនយោបាយជាច្រើនដែលបានចូលរួមប្រកួតប្រជែងតាមរយៈការបោះឆ្នោតពីសំណាក់ប្រជាជនកម្ពុជា ដើម្បីកាន់កាប់រាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមិនមែន ជាការអួតអាងនោះទេ ប៉ុន្តែ នេះជារឿងពិតរបស់កម្ពុជា ហើយរឿងនៅកម្ពុជា គឺងាយស្រួល គឺនៅត្រង់ថា កងទ័ពទាំងអស់ត្រូវបានរក្សាទុកទាំងអស់ ដោយបានរួមគ្នាពាក់ឯកសណ្ឋានរបស់រាជរដ្ឋាភិបាលតែមួយ គោរពប្រតិបត្តិតាមច្បាប់របស់រដ្ឋធម្មនុញ្ញតែមួយ រក្សាតំណែង តួនាទី ទ្រព្យសម្បត្តិឱ្យនៅដដែល។ ត្រង់ចំណុចនេះ មិនទាន់មានប្រទេសណាមួយនៅលើពិភពលោក អាចធ្វើបានដូចកម្ពុជានោះទេ។ ប៉ុន្តែ ក៏មិនប្រាកដថា បទពិសោធន៍កម្ពុជា យកទៅអនុវត្តន៍នៅប្រទេសដទៃបាននោះដែរ ដោយសារតែស្ថានភាពវាមិនដូចគ្នា»។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា បន្ទាប់ពីអនុវត្តនយោបាយឈ្នះឈ្នះ បានជោគជ័យ រាជរដ្ឋាភិបាល បានប្រឹងប្រឹងប្រែងរកយុត្តិធម៌ ជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសគឺយុត្តិធម៌ ចំពោះប្រជាពលរដ្ឋដែលបានបាត់បង់ជីវិត និងសន្តិភាពសម្រាប់ប្រជាពលរដ្ឋដែលបានរស់រានមានជីវិត ពីក្រញាំរបស់ពួកខ្មែរក្រហម។ ការធ្វើបែបនេះ ដើម្បីផ្សះផ្សាសង្គមជាតិក្រោយជម្លោះ ដោយបង្កើតសាលាក្តីកូនកាត់អន្តរជាតិដំបូង ដែលមានឈ្មោះថា «អង្គជំរុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា» ដោយបានសហការជាមួយស្ថាប័នអន្តរជាតិ ដើម្បីកាត់ទោសមេដឹកនាំកំពូលក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ (ខ្មែរក្រហម) ចំពោះអំពើឃោឃៅរបស់ពួកគេដែលបានប្រព្រឹត្តិប្រឆាំងមនុស្សជាតិ និងការទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រជាតិ និងពិភពលោក។
ថ្នាក់ដឹកនាំកម្ពុជាដែលមានបេះដូងធំទូលាយត្រៀមខ្លួនជានិច្ចក្នុងការចែករម្លែកនូវរូបមន្តដ៏ល្អកម្ររកបាននេះដល់គ្រប់បណ្តាប្រជាជាតិទាំងឡាយណាដែលប្រាថ្នាចង់បានសន្តិភាព។ សន្តិភាព គឺជាសេចក្តីត្រូវការចាំបាច់របស់មនុស្សជាតិលើភពផែនដី។ សន្តិភាពងាយនឹងបាត់បង់ណាស់ ងាយនឹងធ្វើឱ្យមនុស្សស្កប់ស្កល់នឹងវានិងងាយបំភ្លេចវាចោលណាស់ ប៉ុន្តែ សន្តិភាពជារបស់ដែលពិបាករកបំផុតប្រសិនបើវារបូតចេញពីដៃទៅពោល គឺមិនខុសអ្វីពីការមុជទឹករាវរកម្ជុលក្នុងបាតមហាសាគរនោះឡើយ៕