(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ បានឧបត្ថម្ភថវិកាចំនួន ៤០០លានរៀល ជូនចំពោះកាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីអបអរសាទរខួបលើក ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ថ្នាក់ដឹកនាំធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា «យើងខ្ញុំពិតជាមានសេចក្ដីរីករាយដែលបាន ចូលរួមចំណែកគាំទ្រកាកបាទក្រហម កម្ពុជាក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងអ្នកជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ»។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់សកម្មភាពមនុស្សធម៌ និងសម្រាប់ការអនុញ្ញាតឱ្យ សប្បុរសជនពីវិស័យឯកជន បានចូលរួមក្នុងបព្វហេតុដ៏ពិសិដ្ឋនេះ ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមសង្គ្រោះជនក្រីក្រ ជួយកិច្ចការងារសុខមាលភាព ប្រជាជនកម្ពុជា និងសកម្មភាពមនុស្សធម៌នានា។

ជាកិច្ចតបស្នង លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណជាអនេកដល់ ធនាគារ ខេប៊ីប្រាសាក់ ដែលតែងតែចូលរួមជាមួយ សកម្មភាពរបស់កាកបាទក្រហមកម្ពុជា និងសូមជូនពរដល់ថ្នាក់នាំធនាគារ ខេប៊ីប្រាសាក់ និងបុគ្គលិកទាំងអស់ឱ្យជួបប្រទះតែសុខចម្រើន ព្រមទាំងសូមឱ្យសកម្មភាពធុរកិច្ច របស់ធនាគារមានដំណើរការកាន់តែល្អប្រសើរ និងបន្តចូលរួមអភិវឌ្ឍខឿនសេដ្ឋកិច្ចកម្ពុជា។

ធនាគារ ខេប៊ីប្រាសាក់ តែងតែបានផ្សារភ្ជាប់ខ្លួនយ៉ាងសកម្ម ទៅនឹងសកម្មភាពសង្គមជាច្រើន ដើម្បីបង្កើតជាគុណតម្លៃជូនសហគមន៍។ ធនាគារក៏បានចូលរួមសកម្មសង្គមជាច្រើនដូចជា ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 សាងសង់អគារបណ្ណាល័យនិងសាលារៀន ឧបត្ថម្ភទិវាអំណានជាតិ ឧបត្ថម្ភកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ និងការលើកកម្ពស់ប្រាក់រៀល ផ្តល់អាហារូបករណ៍ដល់កុមារដែលមានជំងឺបេះដូង និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អតិថិជនផងដែរ។