(ភ្នំពេញ)៖ ប្រធានតុលាការកំពូលនៃប្រទេសកម្ពុជា និងឡាវ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យតុលាការ ដើម្បីជំរុញ និងពង្រឹងភាពជាដៃគូនៃតុលាការប្រទេសទាំងពីរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។

តាមរយៈអនុស្សរណៈនៃការយោគយល់នេះ តុលាការកំពូលនៃប្រទេសទាំង២ បានយល់ព្រមឱ្យមានការផ្លាស់ប្តូរគណៈប្រតិភូ, ការធ្វើសិក្ខាសាលាចែករំលែកចំណេះដឹង និងចែករំលែកបទពិសោធគ្នាទៅវិញទៅមកលើផ្នែកជំនាញវិជ្ជាជីវៈតុលាការ ជាពិសេសការលើកកម្ពស់ កិច្ចសហការនៃតុលាការបណ្តាខេត្តជាប់ព្រំដែន ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការដោះស្រាយវិវាទផ្នែករដ្ឋប្បវេណីឆ្លងដែន ដែលកើតមាននៅតាមមូលដ្ឋានព្រំដែនប្រវែង ២៥៧គីឡូម៉ែត្រ ដើម្បីសុខុមាលភាព ភាពសុខសាន្ត និងការអភិវឌ្ឍរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ ប្រធានតុលាការកំពូលនៃប្រទេសទាំងពីរ គឺលោក ជីវ កេង ប្រធានតុលាការកំពូលនៃកម្ពុជា និងលោកស្រី វៀងថុង ស៊ីផាន់ដន ប្រធានតុលាការកំពូលឡាវ បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការនាពេលកន្លងមក តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាប្រធានតុលាការកំពូលអាស៊ាន (CACJ) និងសម្តែងការពេញចិត្តចំពោះភាពចាំបាច់ក្នុងការបង្កើតយន្តការទ្វេភាគីរវាងតុលាការកំពូលនៃប្រទេសទាំងពីរនាពេលនេះ ដែលបានរឹតចំណងមិត្តភាព និងសាមគ្គីភាព មិនត្រឹមតែរវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងស្ថាប័នតុលាការឱ្យបានកាន់តែរឹងមាំ ដើម្បីភាពសុខសាន្ត និងការអភិវឌ្ឍប្រទេសរៀងៗខ្លួន។

សូមជម្រាបថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យតុលាការនេះ បានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានតុលាការប្រជាជនកំពូលឡាវ លោកស្រី វៀងថុង ស៊ីផាន់ដន ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់លោក ជីវ កេង ប្រធានតុលាការកំពូលនៃកម្ពុជា៕