(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto កាលពីថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ បានបង្ហាញទំនុកចិត្ត និងភាពជឿជាក់ថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រេចបាននូវគោលដៅរួមរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ នេះបើយោងតាមសេចក្តីរាយការណ៍នៅថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥។
ការលើកឡើងរបស់លោក Prabowo បែបនេះ ធ្វើឡើងនៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នៅវិមាន Merdeka ក្នុងទីក្រុងហ្សាកាតា។ លោកបានកត់សម្គាល់យ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា ការយល់ដឹងដ៏ទូលំទូលាយរបស់សម្ដេច (ហ៊ុន សែន) អាចជំរុញការងាររួមរបស់យើង ឆ្ពោះទៅរកការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។ ទន្ទឹមគ្នានេះ លោកបានចាត់ទុកការទទួលប្រធានព្រឹទ្ធសភាកម្ពុជាថា ជា «កិត្តិយសដ៏ធំធេង» ហើយបានសម្តែងការរីករាយដែលបានជួបសម្តេច ហ៊ុន សែន សាជាថ្មី ក្រោយជំនួបចុងក្រោយនៅភ្នំពេញកាលពីខែកញ្ញា ឆ្នាំ២០២៤។ សម្ដេច ហ៊ុន សែន និងគណៈប្រតិភូត្រូវបានទទួលស្វាគមន៍យ៉ាងអធិកអធមដោយមានឆ្មាំកិត្តិយស និងកងទ័ពសេះផងដែរ។
ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសលោក ក្នុងការផ្តល់អាទិភាពដល់កិច្ចសន្ទនា និងការផ្សះផ្សា ដើម្បីដោះស្រាយជម្លោះក្នុងតំបន់ ដោយរំលឹកពីតួនាទីរបស់ឥណ្ឌូណេស៊ីជាអ្នកសម្របសម្រួលសន្តិភាពសម្រាប់កម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០។ លោកបានថ្លែងថា «អាទិភាពរបស់យើងគឺដោះស្រាយជម្លោះដោយសន្តិវិធី»។
លោក Prabowo ក៏បានកោតសរសើរតួនាទីយុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងតំបន់ និងស្វាគមន៍ផែនការរបស់សម្តេចក្នុងការចែករំលែកទស្សនៈ អំពីកិច្ចកសាងសន្តិភាពនៅកម្ពុជា នៅសាលា ERIA School of Government និងលេខាធិការដ្ឋានអាស៊ាននៅហ្សាកាតា។ គណៈប្រតិភូឥណ្ឌូណេស៊ីដែលចូលរួមក្នុងជំនួបនេះ រួមមានរដ្ឋមន្ត្រីការបរទេស លោក Sugiono រដ្ឋលេខាធិការ លោក Prasetyo Hadi និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Tito Karnavian។
គួរបញ្ជាក់ថា ជំនួបរវាងមេដឹកនាំទាំងពីរនេះ បានបញ្ជាក់ជាថ្មីពីទំនាក់ទំនងជិតស្និទ្ធរវាងឥណ្ឌូណេស៊ី និងកម្ពុជា និងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ាន៕