(កណ្ដាល)៖ លោក តាំង សុខឃី ឧត្ដមទីប្រឹក្សាផ្ទាល់សម្តចព្រះមហាសង្ឃរាជ បូរ គ្រី និងលោកស្រី ទ្រី ចិន្តា អគ្គនាយិកានៃក្រុមហ៊ុន ឃី ចិន្តា ឌីវេឡុបមុិន ឯ.ក នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥នេះ បានឧបត្ថម្ភថវិកាចំនួន ៥០០០ដុល្លា​រ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល។

ការបរិច្ចាគថវិកានេះ គឺក្នុងឱកាសដែលលោក និងលោកស្រី អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។​

លោក តាំង សុខឃី​ និងលោកស្រី​ កន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។ កន្លងមកនេះក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។ ការចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។

ពិធីបានបិទបញ្ចប់ប្រកបដោយសាមគ្គីភាពដ៏ស្និទ្ធស្នាល និងកក់ក្ដៅក្នុងដំបូលសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃរបស់រាជរដ្ឋាភិបាលសព្វថ្ងៃនៃយើង។​

គូររំឭកថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន នៅក្នុងឆ្នាំ២០២៤កន្លងទៅ បានជួយប្រជាពលរដ្ឋងាយគ្រោះដោយផ្ទាល់ និងតាមខ្នងផ្ទះ រួមទាំងប្រយោលប្រមាណជាង ២លាននាក់៕