(កំពង់ស្ពឺ)៖ រថយន្ដដឹកកម្មករមួយគ្រឿង បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយទៅបុករថយន្ដមួយគ្រឿងទៀតពីក្រោយ បណ្ដាលឲ្យកម្មករម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលជាង៤០នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ស្ថិតនៅភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

របាយការណ៍របស់នគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រថយន្ដដឹកកម្មករ ម៉ាក HYUNDAI ពណ៌បៃតងខ្ចី ពាក់ផ្លាកលេខភ្នំពេញ3B-4649 មានដឹកកម្មករ៤២នាក់ បើកបរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ត្រង់ចំណុចដូចខាងលើ បានទៅប៉ះរថយន្ដ១គ្រឿង ម៉ាក FORD RANGER ពណ៌ស ពាក់ផ្លាកលេខ2BP-1891 ដែលកំពុងតែបើកបរនៅខាងមុខស្របទិសគ្នា ហើយបត់ឆ្វេងឆ្លងផ្លូវ រួចរថយន្ដដឹកកម្មកររេចង្កូតកទៅបុកដើមឈើដែលនៅខាងឆ្វេងដៃបន្ថែមទៀត។

ក្នុងហេតុការណ៍នេះ បណ្ដាលឲ្យកម្មករម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ, របួសធ្ងន់៥នាក់ និងរបួសស្រាល៣៦នាក់ ព្រមទាំងខូចរថយន្ដ២គ្រឿង។

ចំពោះវត្ថុតាងរថយន្ដ២គ្រឿង ជំនាញកំពុងតែចាត់ចែងយកទៅរក្សាទុក ដើម្បីដោះស្រាយតាមច្បាប់៕