(បន្ទាយមានជ័យ)៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញមកបំភ្លឺ និងឆ្លើយតបចំពោះការរិះគន់នៅលើបណ្ដាញសង្គមថា នគរបាលស្រុកអូរជ្រៅ ផាកប្រជាពលរដ្ឋជិះម៉ូតូមិនពាក់មួក និងដាក់កញ្ចក់ដែលកំពុងជិះតាមផ្លូវលំ។ ប៉ុន្ដែការចោទប្រកាន់នេះ មិនពិតនោះឡើយ ពោលពេលនោះនគរបាលអនុវត្តច្បាប់នៅផ្លូវជាតិលេខ៥ ហើយកំពុងតាមរកអ្នកជិះម៉ូតូកែច្នៃបំពង់ស៉ីមាំងប្រែន ដែលគេចពីគោលដៅរួចជិះចូលទៅក្នុងភូមិ។
ឆ្លើយតបក្នុងករណីនេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ គណៈកម្មការត្រួតពិនិត្យលក្ខណៈបច្ចេកទេសខេត្ត បានចុះដាក់គោលដៅត្រួតពិនិត្យក្នុងភូមិសាស្ត្រ ភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខាងលិចវិទ្យាល័យអូបប្រហែល១០០ម៉ែត្រលើផ្លូវជាតិលេខ៥។ ពេលកំពុងប្រតិបត្តិការងារ ចន្លោះម៉ោង៩ទៅម៉ោង១០ព្រឹក ក៏មានអ្នកជិះម៉ូតូកែច្នៃស៊ីមាំងប្រែន (ខុសលក្ខណៈបច្ចេកទេសបញ្ចេញសំលេងលឺខ្លាំង) បានមកដល់ ហើយជិះគេចពីចំណុចគោលដៅត្រួតពិនិត្យនៅលើផ្លូវជាតិ ក្បែរផ្លូវលំ ចុះតាមផ្លូវជាប់របងវិទ្យាល័យកូប។
ពេលនោះមន្ដ្រីនគរបាលដេញតាមបានប្រហែល៧០ម៉ែត្រ ពីគោលដៅត្រួតពិនិត្យក៏កាក់ម៉ូតូប្រជាពលរដ្ឋសួររកអ្នកជិះម៉ូតូ កែច្នៃស៊ីមាំងប្រែន ហើយមន្ត្រីក៏បានអប់រំពួកគាត់ឲ្យពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់ផងដែរ។
ស្របពេលជាមួយគ្នានោះ ម្ចាស់គណនីហ្វេសប៊ុក (Facebook) ឈ្មោះ រស្មី ជាងដែក និងស៊ីណុក បានជិះមកដល់ហើយ ស្មានថា នគរបាលចរាចរណ៍ស្រុកអូរជ្រៅ ចុះដាក់គោលដៅត្រួតពិនិត្យដល់ក្នុងភូមិ ក៏ថតវីដេអូអត្ថាធិប្បាយបង្ហោះចេញទៅ។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ ចំពោះសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម៕