(ព្រះវិហារ)៖ លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិពោធិ៍ខឿន និងភូមិស្រឡៅទូង ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ចំនួន២៨៣គ្រួសារ ស្មើនឹង ៣៧៦បណ្ណ។
នៅក្នុងឱកាសនោះលោក មិន ស៊ីថា បានចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ។ លោកថា បណ្ណកម្មសិទ្ធិដីធ្លីដែលចែកជូននាពេលនេះ គឺជាកេរដំណែលដ៏មានតម្លៃរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។
លោកបានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋយើងដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនាពេលនេះ ត្រូវថែរក្សាឱ្យបានល្អ ជៀសវាងយកទៅអ៊ុតក្នុងថង់ប្លាស្ទិក ដែលជាហេតុធ្វើឱ្យមានការលំបាកនៅពេលយើងយកទៅប្រើប្រាស់ ក្នុងកិច្ចការផ្សេងៗ។
អភិបាលរងខេត្តព្រះវិហារ បានលើកឡើងថា ការសម្រេចបាននូវវឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន ហើយការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មិនត្រឹមតែជួយ ធានានូវសិទ្ធិ និងការកាន់កាប់ដីធ្លីស្របច្បាប់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការកាត់បន្ថយជម្លោះដីធ្លី និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។
លោក មិន ស៊ីថា បានថ្លែងទៀតថា សព្វថ្ងៃនេះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍន៍លើគ្រប់វិស័យនៅទូទាំងប្រទេស និយាយជារួម និងដោយឡែកនៅស្រុកត្បែងមានជ័យ។
លោកអំពាវនាវពលរដ្ឋត្រូវចូលរួមថែរក្សាសុខសន្តិភាពឱ្យនៅគង់វង្សយូរអង្វែង ក្រោមការដឹកនាំរបស់សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ដើម្បីឱ្យប្រទេសជាតិយើងកាន់តែអភិវឌ្ឍន៍រីកចម្រើនថែមទៀត៕