(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក នៃធនាគារជាតិ នៃកម្ពុជា បាននាំយកថវិកាចំនួន ២១៣,៥៥៦,០០០រៀល មកប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នំ២០២៥នេះ នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា។
កន្លងមកថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃធនាគារជាតិ តែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា។ក្នុងពិធីប្រគល់ និងទទួលថវិកាខាងលើនេះ លោកជំទាវបណ្ឌិត បានពាំនាំនូវព្រះរាជសវណីរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃធនាគារជាតិ ដែលតែងតែបានចូលរួមបរិច្ចាគថវិកា សម្ភារ: ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដែលនេះគឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានជម្រាបជូន អំពីសកម្មភាពសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ដូចជាតាមរយៈការឧបត្ថម្ភថវិកា ១លានដុល្លារ ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១២រៀងមក, ការឧបត្ថម្ភថវិកា ៥លានដុល្លារ ជូនមន្ទីរពេទ្យហ្លួងម៉ែ, ការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប, ការចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់សមាគម អង្គការ មជ្ឈមណ្ឌលនានា ដែលទទួលបន្ទុកខាងផ្នែកកុមារកំព្រា ជនមានពិការភាព ចាស់ឥតទីពឹងជាដើម ។ល។
ក្នុងនោះក៏មានការផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ គឺបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ, ការសាងសង់ផ្ទះ-អណ្តូងទឹកជូនប្រជាពលរដ្ឋនៅតាមទីជនបទឆ្ងាយដាច់ស្រយ៉ាល និងសកម្មភាពជាច្រើនទៀតរបស់កាកបាទក្រហមកម្ពុជា។
ជាក់ស្តែង ក្នុងឆ្នាំ២០២៤កន្លងទៅ កាកបាទក្រហមកម្ពុជា បានប្រើប្រាស់មូលនិធិទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ធ្វើប្រតិបត្តិការដោយមានអ្នកទទួលផលដោយផ្ទាល់ និងប្រយោលប្រមាណជាង ២លាននាក់ តាមរយៈវិស័យអាទិភាពទាំង៤ រួមមាន ១. ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ២. សុខភាព និងការថែទាំសុខភាពតាមសហគមន៍ ៣. ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ និងសុខុមាលភាពសង្គម និង៤. ការអភិវឌ្ឍស្ថាប័ន។
លោកជំទាវបណ្ឌិត ក៏បានគោរពជូនពរដល់ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃធនាគារជាតិ និងសប្បុរសជន ព្រមទាំងគណៈប្រតិភូទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចជាបន្តបន្ទាប់។
សូមជម្រាបថានៅថ្ងៃដដែលនេះ ក្រៅពីធនាគារជាតិ ដែលជាស្ថាប័នរដ្ឋ ក៏មានសប្បុរសជន មកពីស្ថាប័នឯកជន ជាច្រើនទៀតផងដែរ ក្នុងនោះមានលោកជំទាវឧកញ៉ា តាំង ឈុននី អគ្គនាយិកា ក្រុមហ៊ុន លី ឃី ហ៊ួត ដែលបានបរិច្ចាគថវិកាចំនួន ២ពាន់ដុល្លារ, ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បរិច្ចាគថវិកាចំនួន ១ពាន់ដុល្លារ, ក្រុមហ៊ុន GUANGDONG FOREIGN CONSTRUCTION CO., LTD បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ, ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារ, សមាគមតន្ត្រីសំនៀងជនពិការ ដែលបានឧបត្ថម្ភថវិកាចំនួន ៩៩៩,៩៩៩ រៀល និងសមាគមយុវជនខ្មែររួមគ្នាដើម្បីប្រជាជនកម្ពុជា និងអភិវឌ្ឍន៍សង្គម ។
ការចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។
ដូច្នេះសម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាគថវិកា ជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ដើម្បីឱ្យសមាគមជាតិមួយនេះ មានមូលនិធិសម្រាប់បន្តបេសកកម្មមនុស្សធម៌ ជួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតគ្រប់រូបភាព រួមទាំងគ្រោះមហន្តរាយបង្កឡើងដោយមនុស្ស និងធម្មជាតិ, សប្បុរសជន អាចបរិច្ចាគជូនកាកបាទក្រហមកម្ពុជា តាមរយៈក្រុមប្រចាំការទទួលបដិសណ្ឋារកិច្ច និងរៀបចំកម្មវិធីប្រគល់-ទទួលថវិកា សម្ភារៈ រៀងរាល់ម៉ោងធ្វើការ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ឬធ្វើការបរិច្ចាគតាមរយៈគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា ដូចខាងក្រោម៖
ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)៖
* អ្នកទទួលផល : កាកបាទក្រហមកម្ពុជា
* គណនីឈ្មោះ : CRC Internal Funds Raised
* គណនីប្រាក់រៀល : 100004348127
* គណនីប្រាក់ដុល្លារអាម៉េរិក : 300001709996
ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA)៖
* អ្នកទទួលផល : កាកបាទក្រហមកម្ពុជា
* គណនីឈ្មោះ : CAMBODIAN RED CROSS
* គណនីប្រាក់រៀល : 777 766 168
* គណនីប្រាក់ដុល្លារអាម៉េរិក : 777 788 168
រាល់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនង៖
* លោកជំទាវ ពុំ ចន្ទីនី លេខទូរស័ព្ទ : 012 921 105
* លោកជំទាវ ម៉ែន នារីសោភ័គ លេខទូរស័ព្ទ : 012 810 854
* ឯកឧត្តម ឌួង អេលីត លេខទូរស័ព្ទ : 017 248 888