(ព្រុយណេ)៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី១៧ (ASEAN Ministers Responsible for Information) និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសព្រុយណេដារូស្សាឡាម លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញកិច្ចសហការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដោយបានលើកឡើងនូវគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ដូចជា ការពង្រឹងមជ្ឈមណ្ឌលផ្លាស់ប្តូរខ្លឹមសារ ប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ការពង្រីកកម្មវិធីអក្ខរកម្មឌីជីថល និងកម្មវិធីភាពធន់នឹងប្រព័ន្ធផ្សព្វផ្សាយ ការបង្កើតមណ្ឌលប្រព័ន្ធផ្សព្វផ្សាយយុវជន (Youth Media Lab) ការអភិវឌ្ឍក្របខ័ណ្ឌទំនាក់ទំនងតំបន់ក្នុងពេលនៃវិបត្តិ និងការពង្រឹងកិច្ចខិតខំប្រឹងប្រែងឆ្លងព្រំដែន ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើងជូនថ្នាក់ដឹកនាំមកពីបណ្តាប្រទេសអាស៊ាន និងប្រទេសទីម័រខាងកើត ពីហានិភ័យ នៃការកើនឡើងនៃព័ត៌មានកែ្លងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI) និងបានអំពាវនាវ ដល់កិច្ចប្រជុំឱ្យពិនិត្យពិចារណាលើការរៀបចំរចនាសម្ព័ន្ធក្រុមការងារប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ដើម្បីផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងលើការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រីក៏បានបង្ហាញរបាយការណ៍ស្តីពីសេរីភាពសារព័ត៌មានឆ្នាំ២០២៥ របស់កម្ពុជា ដោយកត់សម្គាល់ថា អ្នកសារព័ត៌មានជាង ៨១% បានចាត់ទុកសេរីភាពសារព័ត៌មាន នៅកម្ពុជាមានលក្ខណៈល្អប្រសើរ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាត្រៀមខ្លួនក្នុងការចែករំលែកបទពិសោធលើការរៀបចំរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាន និងបានស្នើឱ្យសមាជិកអាស៊ានពិចារណារៀបចំរបាយការណ៍ស្តីពីស្ថានភាពសេរីភាព សារព័ត៌មាន នៅក្នុងតំបន់ ដើម្បីបង្ហាញពីបរិស្ថានបច្ចុប្បន្ននៃលំហសេរីភាពសារព័ត៌មានក្នុងបណ្តាប្រទេសរៀងៗខ្លួន។
សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ ត្រូវបានរៀបចំប្រព្រឹត្តិធ្វើឡើងក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយជំរុញការយល់ដឹងរួម៖ ការផ្លាស់ប្តូរតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការជំរុញកិច្ចសហ ប្រតិបត្តិការ និងការយល់ដឹងគ្នាទៅវិញទៅមកនៅក្នុងអាស៊ាន MAJU» ដែលសង្កត់ធ្ងន់ទៅលើតួនាទីវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ អត្តសញ្ញាណ និងការយោគយល់គ្នាទៅវិញទៅមក។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់រដ្ឋសមាជិកអាស៊ានទាំងអស់ ប្រទេសទីម័រខាងកើត ប្រទេសចិន ជប៉ុន សាធារណៈរដ្ឋកូរ៉េ និងលេខាធិការដ្ឋានអាស៊ាន៕