(ភ្នំពេញ)៖ សមាគម និងអង្គការក្រៅរដ្ឋាភិបាល អ្នកស្រឡាញ់បរិស្ថាន ក្នុងនោះមានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម, សមាគមស្ត្រីទ្រទ្រង់សន្តិភាព, អង្គការសកល, សមាគមយុវជនអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម, យុវជនពន្លឺព្រះចន្ទ, សមាគមកសិករដើម្បីអភិវឌ្ឍនជីវភាព, បណ្តុំអង្គការសង្គមស៊ីវិលផ្សេងទៀត បានសហការជាមួយរដ្ឋបាលរាជធានីខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចេញមកសម្អាតផ្លូវជាតិ ជំរុញការចេះវេចខ្ចប់ និងទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការចូលរួមក្នុងសកម្មភាពក្នុង «ភាពស្អាត»យ៉ាងផុសផុលដូចនេះ គឺផ្តល់ប្រយោជន៍យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ មានសុខភាពល្អ មូលដ្ឋានមានសោភ័ណភាព មានការអភិវឌ្ឍប្រកបដោយចីរភាព រង់ចាំស្វាគមន៍អ្នកទេសចរណ៍ និងអ្នកវិនិយោគទុន នៅក្នុងពេលអនាគត។
លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណជាថ្មីម្តងទៀត ដល់បណ្តាសមាគមនិងអង្គការសង្គមស៊ិវិល រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ដែលបានសាមគ្គីចេញមករួមគ្នា សម្អាតនៅតាមមូលដ្ឋាន តាមទីសាធារណៈ ជាពិសេសនៅតាមដងផ្លូវនៅទូទាំងប្រទេស។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញសុទិដ្ឋិនិយមថា កម្ពុជានឹងទទួលបានជោគជ័យ មានភាពស្អាតនៅពេលខាងមុខនេះ តាមរយៈសកម្មភាព «ស្អាត» ស្អាតចេញពីបេះដូងខ្មែរ បញ្ឈប់ការបោះចោលសំរាម គ្មានការបំពុលដោយសំរាមនិងសំណល់ប្លាស្ទិក ដែលកត្តាទាំងនេះ បានផ្តល់នូវភាពចំណេញដល់សុខភាព ផ្នែកទេសចរណ៍ និងសេដ្ឋកិច្ច លើសពីនេះ គឺកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើសកលលោក។
ជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្រ្តី បានស្នើឱ្យបន្តចូលរួមយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ផ្លូវស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក» ឆ្ពោះទៅជាចលនា គ្រប់ទីកន្លែងស្អាត ដើម្បីជំរុញភាពស្អាតរបស់កម្ពុជាបន្ថែមទៀត គឺធ្វើឱ្យសង្គមយើងស្អាត និងប្រទេសជាតិ មានបរិស្ថានស្អាត។
សូមបញ្ជាក់ថា ភាពស្អាតគឺជាសសរស្តម្ភទី១ នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលរៀបចំបង្កើតឡើង ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕