(កំពង់ស្ពឺ)៖ ក្រុមហ៊ុនកែច្នៃស្វាយ Zhongbao (Cambodia) Food Science & Technology Co., Ltd ដែលមានទីតាំងនៅភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល (បំបែកពីឃុំត្រែងត្រយឹង) ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយលោក ជូ មុនីដារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ បានរកឃើញថា បានបញ្ចេញសំណល់រាវបំពុលទឹកអូរចោត ក្នុងរយៈចម្ងាយប្រមាណ៧គីឡូម៉ែត្រ ចាប់ពីទីតាំងក្រុមហ៊ុន រហូតដល់ទំនប់អូរកូនត្រុំ។

យោងតាមការអះអាងរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅក្រោមខ្សែទឹក (ក្រោយទីតាំងក្រុមហ៊ុន) បញ្ជាក់ថាបានរងផលប៉ះពាល់ដល់ការរស់នៅ ដូចជាទឹកបង្កឱ្យមានអាការៈរមាស់ មានត្រីងាប់ និងមិនអាចប្រើប្រាស់ទឹក សម្រាប់ស្រោចស្រពដំណាំបានផងដែរ បណ្តាលមកពីក្រុមហ៊ុនខាងលើបានបង្ហូរសំណល់រាវប្រមាណ២ឆ្នាំមកហើយ។ ប្រជាពលរដ្ឋ បានជីកស្រះ ឬទិញទឹកគេមកប្រើប្រាស់។

តាមរយៈការវិភាគគុណភាពទឹកបឋមនៅទីតាំងផ្ទាល់ ប្រព័ន្ធអូរធម្មជាតិ ដែលរងការបំពុលនេះ មានកម្រិត PH និង DO ធ្លាក់ទាបខ្លាំង មិនអនុលោមកម្រិតកំណត់ស្តង់ដារ នៃការបញ្ចេញសំណល់រាវ និងអភិរក្សជីវៈចម្រុះនោះទេ។ ក្រុមការងារបានយកសំណាកទឹកចំនួន៤ទីតាំង មកវិភាគ និងអនុវត្តនីតិវិធីច្បាប់បន្ត។

ជាមួយគ្នានេះ ក្រុមហ៊ុនបានទទួលស្គាល់ថា ខ្លួនបានប្រព្រឹត្តខុសផ្ទុយនឹងច្បាប់ ដោយបានបំពុលអូរធម្មជាតិ ដូចដែលក្រុមការងារជំនាញបរិស្ថាន បានរកឃើញ និងសន្យាទទួលយក ការកែលម្អបច្ចេកទេស ឱ្យបានល្អប្រសើរ។

សូមបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ក្រុមការងារក្រសួងបរិស្ថាន បានសហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងអាជ្ញាធរឃុំយាយម៉ៅពេជ្រនិល និងអ្នកពាក់ព័ន្ធ បានចុះត្រួតពិនិត្យករណីបំពុលទឹក អូរធម្មជាតិ ដោយក្រុមហ៊ុនកែច្នៃស្វាយ Zhongbao (Cambodia) Food Science & Technology Co., Ltd.។ ចំពោះករណីនេះ ក្រុមការងារបានអនុវត្តវិធានការច្បាប់ដូចតទៅ៖

១- យោងតាមមាត្រា ២៩០ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ រោងចក្រត្រូវបញ្ឈប់ការបញ្ចេញ សំណល់រាវចេញពីសង្វាក់ផលិតកម្មជាបន្ទាន់។ ក្នុងករណីនៅបន្ត ត្រូវបានដកហូតរាល់លិខិតអនុញ្ញាត ដែលចេញដោយក្រសួងបរិស្ថាន។

២- ត្រូវទទួលរងការពិន័យអន្ដរការណ៍យោងតាម មាត្រា១៥៩ មាត្រា១៦០ មាត្រា២៨៧ និងមាត្រា៨២៩ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ

៣- ត្រូវផ្ដល់សំណងខូចខាត និងផលប៉ះពាល់បរិស្ថាននិងសុខភាពសាធារណៈ ទៅតាមការគណនារបស់ក្រុមការងារជំនាញ យោងតាមមាត្រា ១៦២ នៃក្រមបរិស្ថាននិងធនធានធម្នជាតិ

៤- ត្រូវស្ដារបរិស្ថានឡើងវិញ ស្តារភក់ និងសំណល់រាវក្នុងអូរចោតឱ្យបានល្អប្រសើរ ចៀសវាងបង្កការបំពុលជាបន្ដទៀតយោងតាមមាត្រា ៧២៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ

៥- ត្រូវដំណើរការអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ឆ្លើយតបនឹងស្ដង់ដារកំណត់ឱ្យបញ្ចេញ និងត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ យោងតាមមាត្រា ២៨៧ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ

៦- ត្រូវរៀបចំរោងសម្រាប់ស្ដុកសំណល់ភក់ និងត្រូវសហការជាមួយក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន ក្នុងការដឹកសំណល់ភក់ចេញពីទីតាំងក្រុមហ៊ុន។

៧- ត្រូវសហការជាមួយក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ស្ថិតក្នុងដែនសមត្ថកិច្ចដឹកជញ្ជូនសំណល់សំបក និងគ្រាប់ស្វាយ ចេញពីទីតាំងក្រុមហ៊ុន និងស្នើឱ្យមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ តាមដានការអនុវត្តការងារនេះ។

៨- ត្រូវរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថានរៀងរាល់ ០៦ខែម្ដង និងស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ ពីក្រសួងបរិស្ថាន និងត្រូវបង់មូលនិធិបរិស្ថាន និងសង្គម និងមូលនិធិទាយជ្ជទានបរិស្ថានឱ្យបានទៀងទាត់។

ចាប់ពីឆ្នាំ២០២៤ រហូតដល់ពេលនេះ ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញរោងចក្រ និងក្រុមហ៊ុន ចំនួន២៩ទីតាំង នៅខេត្តប៉ៃលិន បាត់ដំបង ត្បូងឃ្មុំ រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពត និងខេត្តព្រះសីហនុ ដែលបានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដារ និងបានបង្កឱ្យមានការបំពុលទឹកសាធារណៈ។ ជាលទ្ធផលមានរោងចក្រ និងក្រុមហ៊ុនចំនួន៧ទីតាំង បានអនុវត្តវិធានការច្បាប់ និងវិធានការណ៍បច្ចេកទេសរួចរាល់។

ជាមួយគ្ននេះរោងចក្រ និងក្រុមហ៊ុន ចំនួន១៦ទីតាំង កំពុងអនុវត្តវិធានការច្បាប់ និងវិធានការបច្ចេកទេស ឱ្យបានត្រឹមមត្រូវ និងមានរោងចក្រចំនួន៦ផ្សេងទៀត ទើបរកឃើញថ្មីៗកន្លងមកនេះ ហើយក្រសួងបរិស្ថានកំពុងរៀបចំនីតិវិធី ដើម្បីចាត់វិធានការច្បាប់៕