(សាធារណរដ្ឋកូរ៉េខាងត្បូង)៖ លោកស្រី ជ្រឹង ឬទុមរង្សី ឯកអគ្គរាជទូតនៃកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ បាននាំយក ថវិកាចំនួន ៥៦.០០០ ដុល្លារអាមេរិក ដែលទទួលបានពីសប្បុរសជននានា ដែលជាផ្នែកមួយនៃគម្រោងអង្គរ (Angkor Project) ប្រគល់ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។

ពិធីប្រគល់ និងទទួលថវិកាខាងលើ ត្រូវបានប្រារព្ធធ្វើឡើងនៅ ទីស្តីការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ដោយមានការអញ្ជើញចូលរួមទទួលពីលោភសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងជានាយកមន្ទីរពេទ្យហ្លួងម៉ែ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងនាយកដ្ឋានបុគ្គលិក និងនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផងដែរ។

សូមជម្រាបថា គម្រោងអង្គរត្រូវបានអនុវត្តចាប់ពីខែឧសភា ឆ្នាំ២០២៤ រហូតដល់ខែកុម្ភៈឆ្នាំ២០២៥ ដែល ជាសកម្មភាពមួយក្នុងការជំរុញការងារការទូតសេដ្ឋកិច្ច ក្នុងគោលបំណងលើកកម្ពស់វិស័យវប្បធម៌ ទេសចរណ៍ និងការចូលរួមជួយកិច្ចការសង្គម តាមរយៈការរៀបចំកម្មវិធីសំខាន់ៗ ចំនួន ០៣៖ (១) ពិព័រណ៍រូបថត "The Face of Cambodia" (២) កម្មវិធីរាត្រីសប្បុរសធម៌ “The Odyssey: Cambodia-Korea"; និង (៣) ការតាំងពិព័រណ៍សិល្បៈ (Art Exhibition "Legacies of Legacy”) ការថតរូប និងថតវីដេអូនៅតាមប្រាសាទ និងការបរិច្ចាគថវិកាជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងមជ្ឈមណ្ឌលកុមារកំព្រា ខេត្តសៀមរាប៕