(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូ ចូលគោរពវិញ្ញាណក្ខន្ធសព ឧបាសក ភាញ តឿប ដែលត្រូវជាឪពុកក្មេករបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៥ ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។

សពត្រូវបានតម្កល់ប្រារព្ធធ្វើបុណ្យតាមបែបសាសនា នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង និងត្រូវរៀបចំបូជា នាវេលាម៉ោង៣៖១០នាទីរសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥។

លោក ខូយ រីដា តាងនាមជំនួសមុខឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងប្រជាពលរដ្ឋ ទូទាំងខេត្តពោធិ៍សាត់ បានសម្តែងនូវក្តីក្រៀមក្រំ ក្តុកក្តួលរំជួលចិត្ត សោកស្តាយក្រៃលែង ចំពោះការបាត់បង់ ឧបាសក ភាញ តឿប នាពេលនេះ។

នៅក្នុងពេលវេលាដែលពោរពេញទៅដោយសមានទុក្ខនេះ យើងខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំ និងសូមសម្តែងនូវការសោកស្តាយ ប្រកបដោយក្តីសង្វេគ និងស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ជាមួយ លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ ឧបាសក ភាញ តឿប ដែលត្រូវជាឪពុកបង្កើត ឪពុកក្មេក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅ និងជាទីគោរពស្រឡាញ់នៃក្រុមគ្រួសារ។

យើងខ្ញុំសូមបួងសួងឱ្យវិញ្ញាណក្ខន្ធ របស់ឧបាសក ភាញ តឿប ឆាប់បានចាប់បដិសន្ធិ នៅទីឋានបរមសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕