(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់ឲ្យមន្រ្តីប្រចាំការនៅច្រកទ្វារតាមព្រំដែនរវាងខេត្តតាកែវ និងខេត្តអានយ៉ាង ខេត្តគៀងយ៉ាង របស់វៀតណាម ត្រូវទប់ស្កាត់ឲ្យខាងតែបាន កុំឲ្យនាំផ្លែទុរេនចូលមកកាន់ទីផ្សារប្រទេសកម្ពុជា។

ថ្លែងនៅក្នុងកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាខេត្តតាកែវ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ អភិបាលខេត្តតាកែវ បានថ្លែងថា ផ្លែទុរេននៅក្នុងប្រទេសវៀតណាម កំពុងតែមានបញ្ហាព្រោះគេរកឃើញមានសារធាតុគីមី ដែលនាំឲ្យប៉ះពាល់សុខភាពអ្នកទទួលទាន។

លោកសង្កត់ធ្ងន់ថា «ស្ថានភាពនេះធ្វើឲ្យសល់ផ្លែទុរេនច្រើន ជាពិសេសតម្លៃទុរេនមានការធ្លាក់ចុះ ហើយអាចនឹងមានការលួចនាំចូលមកកាន់ទីផ្សារកម្ពុជា»។

លោក វ៉ី សំណាង បានសង្កត់ធ្ងន់ទៀតថា «បញ្ហានេះ ខ្ញុំបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យតាមច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានកុំឲ្យមានការនាំចូលផ្លែទុរេន ចូលមកកាន់ទីផ្សារកម្ពុជា តាមច្រកព្រំដែនខេត្តតាកែវ»

បើតាមអភិបាលខេត្តតាកែវ, រហូតមកដល់ពេលនេះ មិនមានការលួចនាំចូលផ្លែទុរេនខុសច្បាប់ចូលមកកាន់ទីផ្សារប្រទេសកម្ពុជាតាមខេត្តតាកែវនោះទេ ហើយក្រៅពីផ្លែទុរេន លោកក៏បានណែនាំឲ្យមន្រ្តីតាមច្រកទ្វារ ទប់ស្កាត់ការលួចនាំចូលពងទា ពងមាន់ និងសាច់បង្កកខុសច្បាប់ចូលមកប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ផ្លែទុរេនរបស់ប្រទេសវៀតណាមកំពុងចាល់នៅលើទីផ្សារ ដោយសារការនាំចេញទៅទីផ្សារក្រៅប្រទេសត្រូវបានរាំងស្ទះ ជាពិសេសប្រទេសចិន បានពង្រឹងការត្រួតពិនិត្យយ៉ាងដិតដល់បំផុត លើផ្លែទុរេននាំចូលពី វៀតណាម និងថៃ ទាក់ទងនឹងការតេស្ដរកមើលសារធាតុគីមី ដែលមាននៅលើផ្លែទុរេន និងសារធាតុគីមីហាមឃាត់ម្យ៉ាង ដែលគេប្រើជាថ្នាំជ្រលក់ទុរេន ដើម្បីឲ្យឆាប់ទុំ ហើយវាត្រូវបានហាមឃាត់ដោយសារមាន ហានិភ័យខ្ពស់ ដែលអាចបង្កជំងឺមហារីកលើអ្នកទទួលទាន៕