(ព្រៃវែង)៖ កសិករជិត២០គ្រួសាររស់នៅភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានងាកមកចិញ្ចឹមកណ្តូបបន្ថែមពីលើមុខរបរប្រចាំថ្ងៃ ដោយពួកគាត់អាចរកប្រាក់ចំណូលបានពីការចិញ្ចឹមកណ្ដូបនេះពី៤០ម៉ឺនរៀលទៅ ៦០ ម៉ឺនរៀលក្នុងមួយខែ។ ប្រសិនបើគាត់មានលទ្ធភាព មានដីធំ អាចចិញ្ចឹមបានច្រើនជាងនេះ ក៏អាចរកប្រាក់ចំណូលបានច្រើនបន្ថែមលើសពីនេះផងដែរ។ 

កសិករ ភាព ស្រីពេជ្រ ដែលជាម្ចាស់ចិញ្ចឹមកណ្ដូប បានលើកឡើងថា ក្នុងមួយខែគាត់អាចលក់កណ្តូបបានពី១០ទៅ១៨គីឡូក្នុងមួយខែ ដោយគាត់លក់ឲ្យឈ្មួញពី ២៨,០០០រៀល ទៅ៣០,០០០រៀល ដោយឡែកសម្រាប់ ប្រជាពលរដ្ឋដែលគាត់ មកទិញយកទៅបរិភោគគាត់លក់ក្នុងតម្លៃ ៣៥,០០០រៀល ទៅ៤០០០០រៀលក្នុងមួយគឺឡូក្រាម។

អ្នកស្រីបន្តថា ដោយសារតែដីគាត់តូចចង្អៀតគាត់មិនមានលទ្ធភាពចិញ្ចឹមបានធំដូចគេនោះទេ សព្វថ្ងៃគាត់ចិញ្ចឹមបានប្រមាណពី៤ទៅ៥ ទ្រង់តែប៉ុណ្ណោះ តែបើមានដីធំ ចិញ្ចឹមបានច្រើននោះ ក៏អាចរកប្រាក់ចំណូលបានច្រើនផងដែរ។ ការចិញ្ចឹមកណ្តូបនេះ មិនសូវលំបាកប៉ុន្មាននោះទេ ដោយគ្រាន់តែរកស្លឹកអំពៅ ស្លឹកដំឡូង ស្លឹកចេកជាដើម យកឲ្យវាស៊ីតែប៉ុណ្ណោះ៕