(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ថា មានប្រជាពលរដ្ឋចន្លោះពី៤០០ ទៅ ៥០០នាក់ ក្នុងមួយថ្ងៃ ទៅទទួលសេវានៅសាលាស្រុកតាំងគោក ក្នុងការិយាល័យច្រកចេញចូលតែមួយ។
លោកបន្តថា ការមកទទួលសេវានេះភាគច្រើន គឺអត្រានុកូលដ្ឋានដែលបងប្អូនយកទៅប្រើប្រាស់ក្នុងការបំពេញទិន្នន័យក្បាលដីរបស់ខ្លួន ខណៈស្រុកតាំងគោកទទួលបានក្រុមវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធដែលមាន៧ក្រុម ហើយក្រុមវាលនីមួយៗ បានបែងចែកជាក្រុមតូចៗទៀតដោយដំណើរការព្រមៗគ្នា។ នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដោយសម្តេចបានគិតគូរអំពីសុខទុក្ខរបស់បងប្អូន ជាពិសេសដើម្បីកាត់បន្ថយទំនាស់ដែលកើតឡើងជាយថាហេតុដែលមិនមានភាពច្បាស់លាស់។
ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណមន្ត្រីទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្តហួសកំណត់ ដោយមិនគិតពីការនឿយហត់ ដើម្បីបងប្អូនប្រជាពលរដ្ឋសប្បាយចិត្ត និងដោយធានាបានគោរពតាមគោលការណ៍ពេលវេលាមានកំណត់។
លោក ហាក់ ម៉ុងហួត បានសំណូមពរបងប្អូនប្រជាពលរដ្ឋសូមរក្សានូវសុខសុវត្ថិភាព ក៏ដូចជាអធ្យាស្រ័យទៅដល់មន្ត្រីដែលមានកំហុសតិចតួច មានការយឺតយ៉ាវ ឬក៏ពាក្យសម្ដីមិនសមរម្យ៕