(ព្រៃវែង)៖ លោក ឈាង ស៊ាវី មេឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញណែនាំពីថ្នាក់ដឹកនាំ ដែលមានប្រធានក្រុមការងារចុះជួយឃុំ ស្រុក, លោកអភិបាលស្រុក, លោកអភិបាលខេត្ត សព្វថ្ងៃនេះ ឃុំកំពង់ពពិល បាននឹងកំពុងអភិវឌ្ឍន៍ នៅហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះ បាននិងកំពង់បង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក ដឹកនៅកសិផលទៅទីផ្សារបានរហ័ស និងទាន់ពេលវេលា។

លោកមេឃុំបានបន្ថែមទៀតថា តាមរយៈមូលនិធិរបស់ឃុំ ឃុំបានយកចិត្តទុកដាក់អភិវឌ្ឍន៍ ពីមួយឆ្នាំទៅមួយឆ្នាំដែលមានទាំងផ្លូវបេតុង ផ្លូវខ្សាច់ភ្នំ ជាដើមដែលបានតភ្ជាប់ពីភូមិមួយ ទៅភូមិមួយ ពីឃុំមួយ ទៅឃុំមួយ បានធ្វើឲ្យប្រជាពលរដ្ឋងាយស្រួល ក្នុងការធ្វើដំណើរប្រកបមុខរបរ អាជីវកម្មរបស់ពលរដ្ឋ បានយ៉ាងល្អប្រសើរនោះផងដែរ។

លោកមេឃុំ បានគូសបញ្ជាក់ថា មិនត្រឹមតែអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់សម្រាប់បងប្អូនប្រជាពលរដ្ឋងាយស្រួល ក្នុងការធ្វើដំណើរតែប៉ុណ្ណោះទេ លោកមេឃុំ ក៏បានអភិវឌ្ឍន៍កសាង នូវអគាររដ្ឋបាលឃុំសម្រាប់បង្ករ លក្ខណៈងាយស្រួលដល់មន្ត្រី សាលាឃុំ ងាយស្រួលក្នុងការធ្វើការងារ ជាពិសេសនោះ គឺងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវាផ្សេងៗ នៅក្នុងសាលាឃុំនេះដែលធ្វើឲ្យមានភាពងាយស្រួល នោះផងដែរ។

ប្រជាពលរដ្ឋកំពង់ពពិល ក៏បានសំដែងនូវអារម្មណ៍សប្បាយរីករាយ ក្រោយពីទទួលបានផ្លូវបេតុង ក្រោមការអភិវឌ្ឍន៍របស់ឃុំ ដែលតភ្ជាប់ពីភូមិមួយទៅភូមិមួយ បង្ករភាពងាយស្រួលដល់ការធ្វើដំណើរ៕