(បាងកក)៖ លោក នង វាសនា សមាជិកសភាកម្ពុជា តំណាងគណៈកម្មការទី៣ នៃរដ្ឋសភា បានដឹកនាំប្រតិភូគណកម្មការទី៣ រដ្ឋសភាកម្ពុជា ជាមួយលោក វ៉ាន់ ដារ៉ា សមាជិកគណៈកម្មការ បានចូលរួមសិក្ខាសាលា ស្តីពីគោលនយោបាយអាកាសធាតុ សម្រាប់សមាជិកសមាជិកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលសហការរៀបចំ និងឧបត្ថម្ភដោយរដ្ឋសភា និងព្រឹទ្ធសភាថៃ សភានៃប្រទេសប្រើភាសាបារាំង (APF) និង PCAsia ប្រារព្ធឡើងនៅទីក្រុងបាងកកពីថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៥។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួន៣៖
ទី១៖ កំណត់ការប្តេជ្ញាចិត្តខាងអាកាសធាតុរបស់ប្រទេសជាសមាជិក និងបន្ទាត់សកម្មភាពដែលអាចអនុវត្តបាន តាមរយៈការអនុម័តច្បាប់អនុលោម តាមស្ថានភាពសកម្មភាព អាកាសធាតុរបស់ប្រទេសជាសមាជិក ការធានាបាននូវការគ្រប់គ្រងជាអចិន្ត្រៃយ៍ពីសភា ការចូលរួមជាមួយភាគីពាក់ព័ន្ធ និងតួអង្គសំខាន់ៗ ក្នុងការគ្រប់គ្រងអាកាសធាតុ និងការកំណត់និងអភិវឌ្ឍយន្តការច្បាប់ និងហិរញ្ញវត្ថុ
ទី២៖ ពង្រឹងសមត្ថភាពសមាជិកសភា ក្នុងការតាក់តែងច្បាប់ និងតាមដានសកម្មភាពអាកាសធាតុ
និងទី៣៖ លើកកម្ពស់ការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ នៃច្បាប់ស្តីពីអាកាសធាតុ។
វត្តមានចូលរួមក្នុងសិក្ខាសាលានេះ មានសមាជិកសភាមកពីប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសថៃ ជំនាញការគោលនយោបាយអាកាសធាតុ អ្នកស្រាវជ្រាវ មន្រ្តីមកពីអង្គការដៃគូ សហប្រតិបត្តិការ APF PCAsia និងមន្រ្តីជំនាញមកពីក្រសួង ស្ថាប័នមួយចំនួន នៃព្រះរាជាណាចក្រថៃ សរុបប្រមាណ៤០រូប៕