(ស្ទឹងត្រែង)៖ មន្ត្រីជំនាញ នៃមន្ទីររ៉ែ និងថាមពល ខេត្តស្ទឹងត្រែង ផាកពិន័យជាប្រាក់ចាប់ពី៥លានរៀលឡើងទៅ និងផ្អាកការធ្វើអាជីវកម្មជាបណ្តោះអាសន្នថែមទាំងដាក់ឱសានវាទ ៣ថ្ងៃ ឱ្យក្រុមហ៊ុន «ឡុង សុភា» ចូលខ្លួនមកទទួលខុសត្រូវក្រោយរកឃើញថា ក្រុមហ៊ុនបានប្រព្រឹត្តផ្ទុយពីលក្ខខណ្ឌច្បាប់អនុញ្ញាតរបស់រដ្ឋបាលខេត្តស្ទឹងត្រែង។

កំហុស២យ៉ាងរបស់ក្រុមហ៊ុន «ឡុង សុភា» សុំច្បាប់ធ្វើខ្សាច់បក តែបែរជាធ្វើរ៉ែរែងយកមាស ដែលមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែងបានរកឃើញ រួមមាន៖

*ទី១៖ ខុសអាជ្ញាបណ្ណដែលបានកំណត់
*ទី២៖ ការប្រើម៉ាស៊ីនរែងយករ៉ែ ដែលមិនមានការអនុញ្ញាត។

សូមជម្រាបថា នៅពេលថ្មីៗកន្លងទៅនេះ មានអ្នកសារព័ត៌មានមួយក្រុម បានចុះទៅផ្តិតយករូបភាពជាក់ស្តែង និងបានផ្សព្វផ្សាយដោយបានដាក់ការសង្ស័យថា ក្រុមហ៊ុន «ឡុង សុភា» បានបង្កប់គ្រឿងចក្រម៉ាស៊ីន និងឧបករណ៍ បូមខ្សាច់ តែបែរជាបូម និងរែងយករ៉ែមាសផ្ទុយពីច្បាប់អនុញ្ញាតនោះមក ប្រធានមន្ទីររ៉ែ និងថាមពលខេត្តស្ទឹងត្រែងលោកស្រី ញ៉ែម សុម៉ាលី បានចាត់មន្ត្រីជំនាញក្រោមឱវាទ ឱ្យចុះពិនិត្យសកម្មភាព សម្ភារ និងឧបករណ៍នៅក្នុងការ ដ្ឋានរបស់ក្រុមហ៊ុន នៅក្នុងភូមិសាស្ត្រភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង។

លោកស្រី ញ៉ែម សុម៉ាលី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ចំពោះលទ្ធផលមន្ទីរពិនិត្យឃើញខុស២ចំណុច ដែលមន្ទីរបានផាកពិន័យចាប់ពី ៥លានរៀលឡើងទៅ មើលតាមទំហំជាក់ស្តែង ដែលអាជីវករធ្វើសកម្មភាព និងត្រូវផ្អាក បណ្តោះអាសន្នលើអាជីវកម្ម រង់ចាំអាជីវករកែសម្រួលសង្វាក់ផលិតកម្ម ឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌអាជ្ញាបណ្ណ និងទុករយៈពេល៣ថ្ងៃ សម្រាប់អាជីវករមកចុះហត្ថលេខាលើកំណត់ហេតុ។

លោកស្រីបញ្ជាក់ថា ចំពោះគ្រឿងឧបករណ៍នៅក្នុងការដ្ឋាននោះជាម៉ាស៊ីនរែងខ្សាច់ និងក្រួស មន្ទីរមិនមានសមត្ថកិច្ចរឹបអូសវត្ថុតាងទេ លើកលែងតែព្រះរាជអាជ្ញាបញ្ជា។

ក្នុងអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ (សម្រាប់អាជ្ញាបណ្ណយកខ្សាច់បក) ចេញដោយរដ្ឋបាលខេត្ត ចុះហត្ថលេខាដោយលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានសម្រេចអនុញ្ញាតឱ្យលោក ឡុង សុភា ដែលមានអាស័យដ្ឋាន នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ធ្វើអាជីវកម្មយកខ្សាច់បក នៅតំបន់ភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលមានសុពលភាពចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។

មន្ត្រីនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែងលោក ម៉ែន គុង បានថ្លែងឱ្យដឹងថា អភិបាលខេត្ត បានបញ្ជាទៅមន្ទីរ និងគ្រប់ផ្នែកពាក់ព័ន្ធ អនុវត្តវិធានការច្បាប់ បើរកឃើញថាមានការអនុវត្តផ្ទុយនឹងគោលការណ៍ជាធរមាន៕