(ភ្នំពេញ)៖ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ មានហេតុការណ៍គ្រោះអគ្គិភ័យមួយបានកើតឡើង ក្នុងសិប្បកម្មផលិតស៉ីទែនផ្ទុកទឹកសំណល់ ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងសិប្បកម្មដែលត្រូវភ្លើងឆេះដោយសារឆ្លងចរន្ដអគ្គិសនីនេះ មានម្ចាស់ជាជនជាតិចិន ដែលទីតាំងឃ្លាំងមានទំហំ៤០ម៉ែត្រ គុណ៥០ម៉ែត្រ ប្រភេទឃ្លាំងដែក ជញ្ជាំង និងដំបូលស័ង្កី។ ក្នុងអគ្គិភ័យបានបំផ្លាញក្រណាត់ស្មាច់មួយចំនួនធំ តែមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៨គ្រឿង ប្រើទឹកអស់៥ឡាន ក្នុងនោះរថយន្ដរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣គ្រឿង, រថយន្ដសាលាខណ្ឌកំបូល ចំនួន១គ្រឿង, រថយន្ដបុរីសង្ឃឹមថ្មី ចំនួន១គ្រឿង និងរថយន្ដរបស់បញ្ជាការដ្ឋានទ័ពពិសេស៩១១ ចំនួន៣គ្រឿង ទើបអាចគ្រប់គ្រងបានទាំងស្រុង មិនរីករាលដាលទៅទីតាំងផ្សេងឡើយ៕