(ភ្នំពេញ)៖ ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាបានរៀបចំ និងប្រារព្ធខួបលើកទី៨០ នៃជ័យជំនះក្នុងមហាសង្គ្រាមស្នេហាជាតិ (១៩៤៥-២០២៥)។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពរបស់ លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា និងភរិយា នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញ។
ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រីការទូត និងបុគ្គលិកនៃស្ថានទូតរុស្ស៊ី ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ គ្រូបង្រៀននិង សិស្សានុសិស្សនៃសាលានៃស្ថានទូត ជនរួមជាតិរុស្ស៊ី ដែលរស់នៅរាជធានីភ្នំពេញ ក៏ដូចជាតំណាងសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី និងសមាគមពាណិជ្ជករកម្ពុជា-រុស្ស៊ី ព្រមទាំងអ្នកសារព័ត៌មានក្នុងស្រុក បានចូលរួមក្នុងពិធីរំលឹកនេះ។
ក្នុងអំឡុងពិធីនោះ លោកឯកអគ្គរដ្ឋទូត អាណាតូលី បូរ៉ូវីក បានថ្លែងសុន្ទរកថាស្វាគមន៍ ដោយសង្កត់ធ្ងន់ពីការរួមចំណែករបស់កងទ័ពក្រហម និងប្រជាជនសូវៀតជាទូទៅក្នុងការទទួលបានជ័យជំនះលើពួកឈ្លានពានហ្វាស៊ី ក៏ដូចជាក្នុងការរំដោះប្រជាជនអឺរ៉ុប ពីមនោគមវិជ្ជាស្អប់ខ្ពើមរបស់ពួកណាស៊ីនិយម ជាពិសេសការបង្ហូរឈាម និងតម្លៃនៃការលះបង់ដើម្បីសេរីភាពនៃមាតុភូមិ។
លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍ថ្ងៃនេះ ការហែក្បួនកងវរសេនាធំអមតៈគឺជាវិធីមួយដើម្បីរំលឹកដល់ស្នាដៃរបស់បុព្វបុរសរបស់យើង។ […] យើងគួរចងចាំជានិច្ចថាសន្តិភាពដែលយើងមានសព្វថ្ងៃនេះ គឺទទួលបានដោយឈាមរបស់ប្រជាជនសូវៀតរាប់លាននាក់ ហើយយើងនឹងចងចាំវា។ យើងមិនអាចអនុញ្ញាតឱ្យសង្រ្គាមដែលបានបញ្ចប់កាលពី ៨០ឆ្នាំមុន កើតឡើងម្តងទៀតបានទេ។ ប្រទេសរុស្ស៊ីខិតខំប្រឹងប្រែង ដើម្បីបង្កើតប្រព័ន្ធសន្តិសុខដែលមិនអាចបំបែកបានសម្រាប់រដ្ឋទាំងអស់ មានតែស្ថាបត្យកម្មប្រភេទនេះទេ ដែលអាចផ្តល់សន្តិភាព និងវិបុលភាពប្រកបដោយស្ថិរភាពដល់មនុស្សជាតិ»។
បន្ទាប់ពីសុន្ទរកថាស្វាគមន៍ អ្នកចូលរួម រួមទាំងលោកឯកអគ្គរដ្ឋទូត និងភរិយា បានដាក់ផ្កានៅជិតវិមានឧទ្ទិសដល់ទាហានដែលបានបាត់បង់ជីវិត និងគោរពដោយភាពស្ងៀមស្ងាត់អស់រយៈពេលមួយនាទី។
ពិធីនោះបានបញ្ចប់ដោយក្បួនដង្ហែនៃកងវរសេនាធំអមតៈ។ ក្នុងអំឡុងពេលក្បួន ដង្ហែរនោះមនុស្សកាន់រូបថតសាច់ញាតិរបស់គេ ដែលជាវីរបុរសនៃសមរភូមិស្នេហាជាតិ។ នៅពេលល្ងាច ពិធីរំលឹកនេះ ត្រូវបានបញ្ចប់ជាមួយនឹងការប្រគុំតន្ត្រី ដែលធ្វើឡើងនៅក្នុងបរិវេណស្ថានទូត៕