(ព្រះសីហនុ)៖ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ បាននិមន្តជាព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តព្រះសីហនុ ដែលបានប្រារព្ធនៅវត្តអូត្រេះ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងពិធីនេះក៏មានការនិមន្ត អញ្ជើញចូលរួមពីសំណាក់ព្រះមេត្តានុរ័ក្ខ ង៉ែត រ៉ាល់ សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះវិមលសារ គង់ ប្រុស ព្រះមេគណខេត្តសីហនុ ព្រះរាជាគណៈ មន្ត្រីសង្ឃ សមណសិស្ស និងលោក នៃ គង់ អភិបាលរង តំណាងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ លោក លោកស្រី អាជ្ញាធរ ប្រធានមន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត សប្បុរសជន យុវជន សសយក, កាយរិទ្ធិ, និងកាកបាទក្រហមកម្ពុជា សរុបចំនួន ៦៩៨ អង្គ/នាក់។
នាឱកាសនោះសម្ដេចព្រះពុទ្ធជ័យមុនី បានក្រើនរំលឹក ណែនាំ និងលើកទឹកព្រះទ័យដល់ ព្រះមេគណ មន្ត្រីសង្ឃ និងគណៈគ្រប់គ្រងសាលាពុទ្ធិកសិក្សាគ្រប់កម្រិតឱ្យយកព្រះទ័យទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងអប់រំដល់ភិក្ខុ សាមណេរ ជាសមណសិស្ស ឱ្យគោរពប្រតិបត្តិតាមគោលការណ៍ណែនាំរបស់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងត្រូវប្រកាន់ភ្ជាប់ឱ្យបាននូវគោលការណ៍របស់ខ្លួនដែលជាសមណសក្យបុត្ត។
ពុទ្ធិកសិក្សា វត្តអារាម តាំងពីបុរាណកាលមករហូតដល់បច្ចុប្បន្ននេះ បានដើរតួយ៉ាងសំខាន់ក្នុងការអប់រំដល់ព្រះសង្ឃ កុមារតូចៗ កូនអ្នកស្រុកដែលមានជីវភាពខ្វះខាត ខ្សត់ខ្សោយ បានមកបួសសំណាក់រៀនសូត្រក្នុងព្រះពុទ្ធសាសនា ទីវត្តអារាម ដែលមានព្រះចៅអធិការ ព្រះសង្ឃជាតួអង្គដ៏សំខាន់ដែលពុំអាចខ្វះបាន រួមជាមួយទាយក ទាយិកា ឧបាសក ឧបាសិកា របស់វត្តជាអ្នកឧបត្ថម្ភគាំទ្រដល់ព្រះសង្ឃនេះឯង។
ទីវត្តអារាម ជាកន្លងបណ្ដុះបណ្ដាល និងរក្សាទុក វប្បធម៌ ប្រពៃណី ទំនៀបទំលាប់ដូនតា តាំងពីបុរាណកាលមក ត្រូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាណាព្យាបាល ដែលក្នុងប្រទេសកម្ពុជាយើងនេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតបន្តដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាអគ្គពុទ្ធសាសនិកជនដ៏ឆ្នើម តែងតែយកចិត្តទុកដាក់ និងលើកតម្កើងដល់វិស័យសាសនា ជាពិសេសព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ លើកតម្កើងឧបត្ថម្ភគាំទ្រដល់សាលាពុទ្ធិកសិក្សាគ្រប់កម្រិត។
ជាមួយគ្នានេះ សម្ដេចព្រះពុទ្ធជ័យមុនី បានប្រគេនដល់ ព្រះមេគណ មន្ត្រីសង្ឃទាំងអស់ទូទាំងខេត្តព្រះសីហនុ ឱ្យរៀបចំខ្លួនឱ្យស្រប់តាមទំនើបកម្មក្នុងការដឹកនាំគ្រប់គ្រងក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនិងតម្រូវការចាំបាច់របស់ ថ្នាក់ដឹកនាំ ជាពិសេសត្រូវពង្រឹងសមត្ថភាព ចំណេះ ជំនាញ និងពង្រឹងប្រសិទ្ធិភាពក្នុងការដឹកនាំប្រកបដោយភាពឆ្លាតវៃ និងត្រូវជំរុញឱ្យព្រះសង្ឃ សមណសិស្សនៅតាមវត្តអារាមនីមួយៗ ត្រូវរៀបចំពេញព័ត៌មាន ដើម្បីធ្វើឆាយា សង្ឃដីកាគំរូថ្មី ឱ្យបានត្រឹមត្រូវ និងឱ្យបានគ្រប់ៗរូប ព្រោះថា ឆាយា សង្ឃដីកានេះ ជាប័ណ្ណសម្គាល់របស់បព្វជិត ដែលចេញដោយព្រះមេគណរាជធានី ខេត្តនីមួយៗ និងជាការងាយស្រួលសម្រាប់ការចុះឈ្មោះ ធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ តាមត្រូវការចាំបាច់របស់ក្រសួងមហាផ្ទៃផងដែរ។
សម្ដេចព្រះពុទ្ធជ័យមុនី ក៏បាននាំយកនូវថវិកាដែលជាសទ្ធាជ្រះថ្លារបស់លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង ចូលរួមក្នុងពិធីបើកបវេសនកាលនេះដើម្បីប្រគេនជូនដល់អង្គពិធីរួមមាន៖ សមណសិស្សចំនួន ៣៥០រូប (១រូបៗ ចំនួន ២ម៉ឺនរៀល) លោកគ្រូ អ្នកគ្រូ គ្រូពុទ្ធិកសិក្សា និងធម្មវិន័យ ចំនួន ២៧ រូប (១រូបៗ ចំនួន ៥ម៉ឺនរៀល) យុវជន សសយក, កាយរិទ្ធិ, កាកបាទក្រហមកម្ពុជា ចំនួន ១៦០រូប (១រូបៗ ១ម៉ឺនរៀល)។
សម្ដេចព្រះពុទ្ធជ័យមុនី បានថ្លែងអំណងគុណ ចំពោះទឹកសទ្ធាជ្រះថ្លៃរបស់លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង អាជ្ញាធរក្នុងខេត្តព្រះសីហនុ និងពុទ្ធបរិស័ទ ដែលបានចូលរួម ឧបត្ថម្ភគាំទ្រក្នុងកម្មវិធិបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តព្រះសីហនុ៕