សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន និមន្តបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តកោះកុង

(កោះកុង)៖ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន សម្ដេចព្រះសង្ឃនាយករងទី៣ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ បាននិមន្តជាព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តកោះកុង ដែលបានប្រារព្ធនៅវត្តជោតញ្ញាណ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង។

សម្ដេចព្រះពុទ្ធជ័យមុនី ក្រើនរំលឹកដល់ព្រះសង្ឃ សមណសិស្ស ឱ្យមានព្រះទ័យភ្ញាក់រំលឹកខ្ពស់ ដឹងខ្លួនជាសមណភេទ ជាគំរូដល់សង្គម កុំភ្លេចខ្លួន មុននឹងធ្វើអ្វីៗមួយ ត្រូវមានសតិមាំ និងត្រូវប្រកាន់ភ្ជាប់​ឱ្យបាន​នូវអភិសមាចារ្យ ដើម្បីតម្កល់ខ្លួនក្នុងសមណភេទ ជាបុញ្ញក្ខេត្តដ៏ប្រសើរដល់ពុទ្ធសាសនិក ទាយក ទាយិកា។ ព្រះមេគណ មន្ត្រីសង្ឃ គណៈគ្រប់គ្រងពុទ្ធិកសិក្សា ជាពិសេសព្រះចោអធិការសូមបន្តយក​ព្រះទ័យ​ទុកដាក់ខ្ពស់​ក្នុងការគ្រប់គ្រងអប់រំដល់ភិក្ខុ សាមណេរ ក្រោមឱវាទឱ្យគោរពប្រតិបត្តិតាមគោលការណ៍ណែនាំនានារបស់គណៈសង្ឃគ្រប់ឋានុក្រម និងគោរពប្រណិបត្តិតាមធម៌វិន័យឱ្យបានភ្ជាប់ភ្ជួន។

សម្ដេចព្រះពុទ្ធជ័យមុនី បានជំរុញព្រះមេគណ មន្ត្រីសង្ឃទាំងអស់ទូទាំងខេត្ត ព្រះមេត្តារៀបចំខ្លួនឱ្យស្រប់តាមទំនើបកម្មក្នុងការដឹកនាំគ្រប់គ្រងក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹង​តម្រូវការចាំបាច់របស់ថ្នាក់ដឹកនាំ ជាពិសេសត្រូវពង្រឹងសមត្ថភាព ចំណេះជំនាញ និងពង្រឹងប្រសិទ្ធិភាពក្នុងការដឹកនាំប្រកបដោយភាពឆ្លាតវៃ និងត្រូវជំរុញឱ្យព្រះសង្ឃ សមណសិស្សនៅតាមវត្តអារាមនីមួយៗ ត្រូវរៀបចំបំពេញព័ត៌មាន ដើម្បីធ្វើឆាយា សង្ឃដីកាគំរូថ្មី ឱ្យបានត្រឹមត្រូវ និងឱ្យបានគ្រប់ៗរូប ព្រោះថា ឆាយា សង្ឃដីកានេះ ជាប័ណ្ណសម្គាល់របស់បព្វជិត ដែលចេញដោយព្រះមេគណរាជធានី ខេត្តនីមួយៗ និងជាការងាយស្រួលសម្រាប់ការចុះឈ្មោះ ធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ តាមត្រូវការចាំបាច់របស់ក្រសួងមហាផ្ទៃ ផងដែរ។

ពុទ្ធិកសិក្សា វត្តអារាម តាំងពីបុរាណកាលមករហូតដល់បច្ចុប្បន្ននេះ បានដើរតួយ៉ាងសំខាន់ក្នុងការអប់រំដល់ព្រះសង្ឃ កុមារតូចៗ កូនអ្នកស្រុកដែលមានជីវភាពខ្វះខាត ខ្សត់ខ្សោយ បានមកបួស​សំណាក់រៀន​សូត្រក្នុងព្រះពុទ្ធសាសនា ទីវត្តអារាម ដែលមានព្រះចៅអធិការ ព្រះសង្ឃជាតួអង្គដ៏សំខាន់ដែលពុំអាចខ្វះបាន រួមជាមួយទាយក ទាយិកា ឧបាសក ឧបាសិកា របស់វត្តជាអ្នកឧបត្ថម្ភគាំទ្រដល់ព្រះសង្ឃនេះឯង។

ទីវត្តអារាម ជាកន្លងបណ្ដុះបណ្ដាល និងរក្សាទុក វប្បធម៌ ប្រពៃណី ទំនៀបទំលាប់ដូនតា តាំងពីបុរាណកាលមក ត្រូវការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាណាព្យាបាល ដែលក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំ​ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតបន្តដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាអគ្គពុទ្ធសាសនិកជនដ៏ឆ្នើម តែងតែយកចិត្តទុកដាក់ និងលើកតម្កើង​ដល់វិស័យសាសនា ជាពិសេសព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ លើកតម្កើងឧបត្ថម្ភគាំទ្រដល់សាលាពុទ្ធិកសិក្សាគ្រប់កម្រិត។

សម្ដេចព្រះពុទ្ធជ័យមុនី ក៏បាននាំយកនូវថវិកាដែលជាសទ្ធាជ្រះថ្លារបស់ ឯកឧត្តម លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង ចូលរួមក្នុងពិធីបើកបវេសនកាលនេះដើម្បីប្រគេន​ជូនដល់អង្គពិធីរួមមាន សមណសិស្សចំនួន ១០០រូប (១រូបៗ ចំនួន ២ម៉ឺនរៀល) លោកគ្រូ អ្នកគ្រូ គ្រូពុទ្ធិកសិក្សា និងធម្មវិន័យចំនួន ១០រូប (១រូបៗ ចំនួន ៥ម៉ឺនរៀល) យុវជន សសយក, កាយរិទ្ធិ, កាកបាទក្រហមកម្ពុជា ចំនួន ៣០រូប (១រូបៗ ១ម៉ឺនរៀល) ។

នាឱកាសនោះសម្ដេចព្រះពុទ្ធជ័យមុនី បានថ្លែងអំណរគុណ ចំពោះទឹកសទ្ធាជ្រះថ្លៃរបស់លោកអ្នកឧកញ៉ា ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង អាជ្ញាធរក្នុងខេត្ត និងពុទ្ធបរិស័ទ ដែលបានចូលរួម ឧបត្ថម្ភគាំទ្រក្នុងកម្មវិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តកោះកុង។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីនេះក៏មានការនិមន្តចូលរួមពីសំណាក់ ព្រះព្រហ្មសិរីញាណ ហេង សំបូរ ព្រះមេគណខេត្តកោះកុង ព្រះមេត្តានុរ័ក្ខ ង៉ែត រ៉ាល់ សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះរាជាគណៈ មន្ត្រីសង្ឃសាលាគណ សាលាអនុគណក្រុង ស្រុក សមណសិស្ស និងលោកស្រី ឈី វ៉ា អភិបាលរង តំណាងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក លោកស្រី អាជ្ញាធរ ប្រធានមន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត សប្បុរសជន យុវជន សសយក, កាយរិទ្ធិ, និងកាកបាទក្រហមកម្ពុជា សរុបចំនួន ២៥០ អង្គ/នាក់៕