(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រគល់​​ថវិកា​ធានារ៉ាប់រងសង្គមចំនួន ៥៤៣​ ,​៧៣២,​ ០០០​រៀល របស់​រាជរដ្ឋាភិបាល​ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៣៦​គ្រួសារ ដែល​អញ្ជើញ​មក​ពី​តាម​បណ្ដា​មូលដ្ឋាន​នានា​ក្នុង​ខេត្ត​កំពង់ធំ​ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត។

លោក ជួន សិលាវិត ប្រធានមូលនិធិជំនួយសង្គម បានឡើងរាយការណ៍អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ប្រាក់ធានាអារ៉ាប់រងសង្គម សម្រាប់ផ្ដល់ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ដែលបានទទួលមរណភាពនាពេលកន្លងទៅ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តប្រកបរបរចិញ្ចឹមជីវិត និងបានគូសបញ្ជាក់អំពីចំនួនទឹកប្រាក់​ដែលក្រុមគ្រួសារសពអតីតយុទ្ធជនត្រូវបានទទួល​ខុសៗគ្នាទៅតាមឋានន្តរសក្កិ និងអតីតភាពការងារ និងប្រភេទមុខសញ្ញារបស់អតីតយុទ្ធជននីមួយៗ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យចំពោះអតីតយុទ្ធជនដែលបានទទួលមរណភាពនាពេលកន្លងទៅ និងបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់គាត់បានទៅកាន់សុគតិភព និងបានបញ្ជាក់ជូនអំពីការយកចិត្តទុកដាក់គិតគូរគ្រប់បែបយ៉ាង របស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះអតីតយុទ្ធជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ។ ក្នុងរយៈពេលជាង ៣ខែកន្លងទៅក្រុមគ្រួសារសពអតីតយុទ្ធជនបានទទួលថវិកា បេឡាមរណៈសង្គ្រោះសម្រាប់ធ្វើបុណ្យសព រួច​មក​ហើយ​ និងនៅថ្ងែនេះក្រុមគ្រួសារអតីតយុទ្ធជន ត្រូវបានទទួលកញ្ចប់ថវិកាធានារ៉ាប់រងសង្គមសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិតបន្ថែមទៀត។

ក្រុមគ្រួសារសពអតីតយុទ្ធជនចំនួន ៣៦​គ្រួសារ  បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងតែបានឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដល់សុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ តាមរយៈឧត្តម​សេនីយ៍ទោ សោម ស៊ុន នាពេលពេលកន្លងទៅ ក៏ដូចជាបច្ចុប្បន្ននេះ និងបានប្តេជ្ញាចិត្ត​ដាច់​ខាត​គាំទ្រ​ការ​ដឹកនាំ​របស់​សម្ដេច​លុះត្រា​អវសាន្តជីវិត​ និង​បាន​សូមគោរពជូនពរសម្ដេច លោក លោកស្រីទាំងអស់ សូមទទួល​បាន​តែនឹងពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕