(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាសមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជនថ្នាក់កណ្តាល នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងកម្មវិធី ជំនួបសហគ្រិនវ័យក្មេងលើកទី២ ក្នុងឆ្នាំ២០២៥ ស្តីពីការស្វែងយល់ពីជម្រើសហិរញ្ញប្បទានទ្រទ្រង់អាជីវកម្ម ដែលរៀបចំសហការដោយសមាគមសហគ្រិនវ័យក្មេង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា។
ពិធីនេះរៀបចំឡើងនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញ ដែលមានការចូលរួមពីដោយឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា, លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមី ក្រូហិរញ្ញវត្ថុកម្ពុជា , លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសផ្សេងទៀតប្រមាណជាង ២០០នាក់។
នៅក្នុងឱកាសនោះផងដែរលោកបណ្ឌិត កៅ ថាច បានឱ្យដឹងថា ការរៀបចំនូវកម្មវិធីជំនួបសហគ្រិនវ័យក្មេងលើកទី២ ដ៏មានសារៈសំខាន់នាថ្ងៃនេះ គឺ ពិតជាបានឆ្លុះបញ្ចាំងអំពី កិច្ចខិតខំប្រឹងប្រែង របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលជារឿយៗ តែងតែបង្កើតនូវកម្មវិធីនានា ដើម្បីគាំទ្រដល់សហគ្រិននៅក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត កៅ ថាច ក៏បានបង្ហាញនូវជំហររបស់ធនាគារ ARDB ក្នុងការបន្តគាំទ្រផ្តល់សេវាធនាគារ ជាពិសេសការផ្តល់ឥណទានដល់សហគ្រាសធុនមីក្រូ តូច មធ្យម និងធំ, សហគ្រិនវ័យក្មេង ដែលមាននវានុវត្តន៍ ថ្មីៗ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប, ព្រមទាំងសហគ្រាសដែលគាំទ្រដល់ដំណើរឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។
លោកបណ្ឌិត បានសង្ឃឹមថា កិច្ចពិភាក្សាស្ដីពី «ស្វែងយល់ពីជម្រើសហិរញ្ញប្បទានទ្រទ្រង់អាជីវកម្ម Unlocking Financing Options for Cambodian Enterprises» ដោយមានការចូលរួមពីវាគ្មិន ជំនាញ ដែលមានបទពិសោធ ក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុ នឹងផ្តល់នូវឧត្តមានុវត្តន៍ និងជម្រើសឧបករណ៍ហិរញ្ញវត្ថុថ្មីៗ ដែលមានលក្ខណៈនវានុវត្តន៍ដល់សហគ្រាស ព្រមទាំងជំរុញការអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពប្រកបដោយវិបុលភាព និងចីរភាព។
គួរបញ្ជាក់ផងដែរ ព្រឹត្តិការណ៍ជំនួបសហគ្រិនវ័យក្មេងលើកទី២នេះ ដើម្បីផ្តល់ចំណេះដឹងដល់ម្ចាស់សហគ្រាសក្នុងស្រុកក្នុងការទទួលបានហិរញ្ញប្បទានក្នុងអាជីវកម្ម ហើយកម្មវិធីនេះនឹងរៀបចំ ជាបន្តបន្ទាប់ទៀត រហូតដល់ចុងឆ្នាំ២០២៥ ដោយទទួលបានការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ពីធនាគារ ARDBផងដែរ៕