(ព្រះសីហនុ)៖ ក្នុងពេលខាងមុខនេះក្រុងកំពង់សោមនឹងទទួលសមទ្ធិផលផ្លូវបេតុងចំនួន ៥ខ្សែរ និងផ្លូវដី ១ខ្សែរ និងប្រព័ន្ធលូអ៊ុយមានគម្រប ២គម្រោងខណៈដំណើរការដេញសាងសង់គម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវបានបើកកិច្ចប្រជុំនាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមការដឹកនាំសម្របសម្រួលដោយលោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តព្រះសីហនុ លោក ប៊ុត ចន្ថា សមាជិកក្រុមប្រឹក្សាក្រុង និងលោក សុខ សិទ្ធិកា អភិបាលរងក្រុងកំពង់សោម។
ពិធីនេះក៏មានការចូលរួមពីលោកចៅសង្កាត់ ក្រុមការងារបច្ចេកទេសគាំទ្រ ឃុំ សង្កាត់ ក្រុមហ៊ុនទទួលការសាងសង់ជាច្រើនក្រុមហ៊ុន និងអ្នកសារព័ត៌មានជាច្រើន នៅសាលសង្កាត់រាម និងសង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
កិច្ចប្រជុំបើកសំណើដេញថ្លៃនេះដែរបានដំណើរការដោយរលូនស្របតាមនីតិវិធី និងប្រកបដោយតម្លាភាពក្រោយបញ្ចប់ដំណើរការដេញថ្លៃនៅព្រឹកនេះ ជាលទ្ធផលសម្រាប់ផ្លូវបេតុងដែលត្រូវសាងសង់រួមមាន សង្កាត់រាម, សង្កាត់បិតត្រាំង, សង្កាត់អូរឧកញ៉ាហេង, សង្កាត់អូរជ្រៅ, សង្កាត់បឹងតាព្រហ្ម និងផ្លូវដីប្រវែង១២០០ម សាងសង់ក្នុងសង្កាត់អូរជ្រៅ ក្រៅពីនេះក៏មានគម្រោងសាងសង់ប្រព័ន្ធលូអ៊ុយ មានគម្របចំនួន ២គម្រោងផងដែរ។
នាឱកាសនោះលោក ឃាង ភារម្យ បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលការចូលរួមដេញថ្លៃ គឺបានផលល្អប្រសើរ រីឯដំណើការទាំងអស់នៃកម្មពិធី គឺស្របទៅតាមនីតិវិធី ក្នុងនោះក្រុមហ៊ុនដែលទទួលបានគម្រោងត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបានគុណភាព និងការប្រើប្រាស់បានយូរអង្វែងជៀសវាងមានខាតបង់ថិការរដ្ឋ ហើយក៏ជាញើសឈាមរបស់ប្រជាពលរដ្ឋតាមរយៈការបង់ពន្ធ។
លោកលោក ឃាង ភារម្យ ក៏បានផ្ដាំផ្ញើទៅដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវអនុវត្តគម្រោងដោយអនុលោមទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបានគុណភាព និងការប្រើប្រាស់បានយូរអង្វែង និងសូមឱ្យគណៈកម្មការក៏ដូចជាក្រុមប្រឹក្សាឃុំ ត្រូវពង្រឹងការតាមដានការអនុវត្តគម្រោងរបស់ក្រុមហ៊ុនទទួលការ និងត្រូវមានសៀវភៅការដ្ឋានកត់ត្រាឱ្យបានច្បាស់លាស់ដោយចាប់ផ្ដើមពីដំណើរការបើកការដ្ឋានការអនុវត្តគម្រោងហូតដល់បញ្ចប់ការអនុវត្តគម្រោង។
ក្នុងនោះលោកនាយកទីចាត់ការ ក៏បានស្នើឱ្យក្រុមប្រឹក្សាឃុំ បានធ្វើការបំផុសចលនាប្រជាពលរដ្ឋ ឱ្យចូលរួមការដាំដើមឈើនៅតាមបណ្ដោយផ្លូវ ដើម្បីលើកកម្ពស់ សោភ័ណ្ឌភាព ភាពបៃតងនៅក្នុងមូលដ្ឋានភូមិរបស់ខ្លួន ជាពិសេសចូលរួមថែរក្សាថែទាំសមិទ្ធផលផ្លូវបេតុង ក៏ដូចជាប្រព័ន្ធលូដែលបានដាក់ដេញថ្លៃនាពេលនេះ និងស្ថាបនានៅពេលខាងមុខឱ្យបានគង់វង្ស និងធានាបានការប្រើប្រាស់បានយូរអង្វែង៕