(ស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាល និងចែកសម្ភារសិក្សាដល់សិស្សានុសិស្សចំនួន ២សាលា គឺសាលាបឋមសិក្សាប្រាសាទ និងសាលាបឋមសិក្សាទួលអង្គប្រាសាទ ដែលជាការឧបត្ថម្ភពីក្រុមហ៊ុន ដឹញូវីនេទៀន រីហ្សត ឯ.ក។
ពិធីនេះមានការចូលរួមលោក លាង ឡង់ឌី តំណាងក្រុមហ៊ុន ដឹញូវីនេទៀន រីហ្សត ឯ.ក និងសហការី លោកចៅសង្កាត់ប្រាសាទ ក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងលោកមេភូមិ អនុភូមិទាំងពីរភូមិ លោកនាយកនាយករង លោកគ្រូអ្នកគ្រូ សិស្សសរុបទាំងពីរសាលាមានចំនួន ៤៣៦នាក់ នៅសង្កាត់ប្រាសាទ ក្រុងបាវិត។
ក្នុងឱកាសនោះលោក លឹម សៀងហេងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដឹញូវីនេទៀន រីហ្សត ឯ.ក ដែលបានចំណាយថវិកាក្នុងការទិញសម្ភារសិក្សាចែកដល់សិស្សានុសិស្ស ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងវិស័យអប់រំផងដែរ។
លោកបន្តថា វិស័យអប់រំគឺជាសសរស្តម្ភនៃការអភិវឌ្ឍ និងជាគ្រឹះទៅកាន់អនាគតដ៏ភ្លឺស្វាង ហើយក្មួយៗទាំងអស់នៅទីនេះសុទ្ធសឹងតែជាទំពាំងស្នងឬស្សី ដែលនឹងក្លាយខ្លួនជាសរសរទ្រូងដ៏រឹងមាំដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិនាពេលអនាគត ហើយការសិក្សាររបស់ក្មួយៗនៅគ្រប់កម្រិតសក្តិសមនឹងទទួលបានការយកចិត្តទុកដាក់ខ្ពស់។
លោកបានបញ្ជាក់ថា កាតាប និងសម្ភារសិក្សាទាំងនេះហាក់ដូចជាសម្ភារសាមញ្ញ ប៉ុន្តែវាដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយឱ្យក្មួយៗមានសម្ភារសិក្សាបន្ថែមគ្រប់គ្រាន់ និងជំរុញទឹកចិត្តក្មួយៗឱ្យខិតខំប្រឹងប្រែងរៀនសូត្រ សម្រេចក្តីសុបិន្តរបស់ខ្លួន។
លោក លឹមសៀងហេង ក៏បានជូនពរក្មួយៗសិស្សានុសិស្ស ទាំងអស់ទទួលបាននូវសុខភាពល្អ ប្រាជ្ញាវៀងវៃ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ និងបានលើកឡើងថា ស្នាមញញឹមរបស់កុមារា កុមារី ជាស្នាមញញឹមរបស់មាតា បិតា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។
សូមបញ្ជាក់ថា សិស្សសរុបទាំង២សាលា មានចំនួន ៤៣៦នាក់ ស្រី ២០៧នាក់ ដោយសិស្សម្នាក់ៗទទួលបាន កាបូប១ ទឹកដោះគោ ១កំប៉ុង និងនំប៉័ង ១ដើម ជូនសាលាសង្កាត់ប្រាសាទ ១០០,០០០រៀល លោកគ្រូ អ្នកគ្រូ ១៥នាក់ ១អ្នក ទទួលបាន ២០,០០០រៀល និងប្រជាការពារភូមិ ១០០,០០០រៀល៕