(ទីម័រឡេស្តេ)៖ ក្នុងឱកាសធ្វើបទឧទ្ទេសនាមលើទំនាក់ទំនងកម្ពុជា-ទីម័រឡេស្តេ នាវិមានរដ្ឋសភារបស់ទីម័រឡេស្តេ នៅយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា អាស៊ាន ត្រូវតែមានការប្រុងប្រយ័ត្នចំពោះភាពលម្អៀងទៅលើមហាអំណាចណាមួយ ដែលកំពុងតែប្រកួតប្រជែង ធ្វើឱ្យស្ថាប័នពហុភាគីទាំងនោះលេចចុះ ឬលេចឡើង ទៅតាមគោលនយោបាយរបស់មហាអំណាច។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អនាគតតួនាទីរបស់អាស៊ាន នៅក្នុងនិម្មាបនកម្ម អភិបាលកិច្ចកម្រិតពិភពលោក ដើម្បីចូលរួមជាមួយស្ថាប័នទំនើបផ្សេងទៀត ដើម្បីបង្កើនឧត្តមភាពនៃប្រទេសរបស់ខ្លួន នេះជាជម្រើសយុទ្ធសាស្ត្រដែលយើងមិនអាចបដិសេធបានឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «នៅពេលដែលអាស៊ាន ចូលទៅក្នុងស្ថាប័នពហុភាគីណាមួយ ក្រៅពីយន្តការដែលដឹកនាំដោយអាស៊ាន ហើយត្រូវតែមានការប្រុងប្រយ័ត្ន ភាពលម្អៀង ទៅលើមហាអំណាចណាមួយ ដែលកំពុងតែប្រកួតប្រជែង ធ្វើឱ្យស្ថាប័នពហុភាគីទាំងនោះ លេចចុះ ឬលេចឡើង ទៅតាមគោលនយោបាយរបស់មហាអំណាច ឬថ្នាក់ដឹកនាំនៃប្រទេសមហាអំណាច»។
ត្រង់ចំណុចនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន បានបង្ហាញជំនឿជឿជាក់ថា អាស៊ានគួរតែផ្តល់ទម្ងន់ទៅលើការខិតខំអភិវឌ្ឍន៍និម្មាបនកម្មតំបន់ ដែលដឹកនាំដោយអាស៊ានវិញ ព្រោះថ្នាក់ស្ថាប័នរបស់អាស៊ាន មានលក្ខណៈអព្យាក្រឹត្យជាង ហើយយើងអាចប្រាស្រ័យទាក់ទងជាមួយនឹងដៃគូច្រើនប្រភេទ និងច្រើនតំបន់ដោយមិនប្រកាន់មនោគមន៍វិជ្ជា។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ចំពោះចំណុចនេះអ្វីដែលសំខាន់នោះ គឺយន្តការរបស់អាស៊ាន មានភាពអចិន្ត្រៃយ៍ និងមានស្ថិរភាពជាង បើទោះបីជាថ្នាក់ដឹកនាំរបស់សមាជិកអាស៊ាន ប្រែប្រួលក៏ដោយ។
«ក្នុងន័យនេះខ្ញុំចង់គូសរំលេចពីតួនាទីសំខាន់របស់លេខាធិការដ្ឋានអាស៊ាន នៅក្នុងការធានាភាពអចិន្ត្រៃយ៍ ឬចីរភាពនៃយន្តការ និងកិច្ចសហប្រតិបត្តិការ ការងារសម្របសម្រួល ដ៏ច្រើនលើសលប់ ការរៀបចំចងក្រង កំណត់ត្រា លក្ខណៈស្ថាប័ន និងជំរុញការគិតគូរ ស្រាវជ្រាវអំពីទិសដីអនាគតសម្រាប់អាស៊ាន»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមជាប៉ូលមួយនៃពិភពលោក អាស៊ាន មានតួនាទីសំខាន់ក្នុងការលើកស្ទួយសន្តិភាព។ ពិតណាស់ថាការប្រកួតប្រជែងដណ្តើមអានុត្តរភាពរបស់ប្រទេសមហាអំណាចមិនស្ថិតនៅក្រោមឥទ្ធិពលគ្រប់គ្រងរបស់អាស៊ាននោះឡើយ។ ប៉ុន្តែអាស៊ានអាចគ្រប់គ្រងស្ថានការណ៍នៅក្នុងតំបន់របស់ខ្លួនបាន អាចជម្នះការខិតខំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៅក្នុងតំបន់អាស៊ានបាន អាចបង្ការកុំឱ្យមានសង្គ្រាម ដោយតួអង្គតំណាងរបស់ប្រទេសមហាអំណាចនៅក្នុងតំបន់អាស៊ានបាន។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា អាស៊ាន ក៏អាចបញ្ចេញឥទ្ធិពលរបស់ខ្លួន លើរបៀបវារៈសន្តិភាពលើសពីកម្រិតតំបន់ផងដែរ។ ជាមួយគ្នានេះដែរ យើងក៏អាចយល់បានថាអាស៊ាននឹងមិនអាចក្លាយជាប៉ូលមួយនៃពិភពលោកបានទេ ប្រសិនបើថ្នាក់ដឹកនាំនៃប្រទេសអាស៊ានមិនមានទំនាក់ទំនងជិតស្និទ្ធ និងយល់ពីគ្នាទៅវិញ ទៅមក មានស្មារតីសហគមន៍ ជាគ្រួសារអាស៊ាន និងពុំមានទំនាក់ទំនងលើសពីកម្រិតការងារផ្លូវការ៕