(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមិទ្ធផលដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» មានកម្ពស់ ៥ជាន់ ស្មើ ៣០ បន្ទប់។ អគារអន្តេវាសិកដ្ឋានតេជោសន្តិភាពនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានទទឹងប្រវែង ៧.៥ម៉ែត្រ បណ្តោយប្រវែង៣៦ម៉ែត្រ។ ក្នុងបន្ទប់នីមួយៗ មានបំពាក់គ្រែកម្ពស់ ៣ថ្នាក់ចំនួន២ សម្រាប់និស្សិតស្នាក់នៅចំនួន ៦នាក់ សរុបអាចឱ្យនិស្សិតស្នាក់នៅចំនួន ១៨០នាក់។
អគារនេះ ត្រូវបានសាងសង់ឡើងដោយប្រើរយៈពេល១២ខែ។ ចាប់ផ្តើមសាងសង់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាកម្ពុជា។ ក្នុងពិធីសម្ពោធនោះ សម្ដេចតេជោ បានឧបត្ថម្ភក្នុងការធ្វើផ្លូវកៅស៊ូ ក្រាលបេតុងទូទាំង បរិវេណវត្តស្វាយពពែ និងសួនច្បារ «មេត្តាសន្តិភាព» ខាងមុខ និងក្នុងបរិវេណវត្តស្វាយពពែផងដែរ។
សូមបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ស្ថិតក្រោមក្រសួងធម្មការ និងសាសនា ត្រូវបានបង្កើតឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៤ ក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាននាមជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៤ តាមការ ទូលស្នើសុំពីសម្ដេចអម្ចាស់ ទទួលបានលិខិតជាគោលការណ៍លេខ ៩១៤ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០០៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី និងច្បាប់អនុញ្ញាតឱ្យប្រែក្លាយពីពុទ្ធិកមហាវិទ្យាល័យព្រះសីហមុនី រាជា ទៅជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា តាមអនុក្រឹត្យលេខ ៨៣ អនក្រ ប.ក ចុះថ្ងៃទី២៤ ខ កក្កដា ឆ្នាំ២០០៧ និងបានទទួលស្គាល់គុណភាពអប់រំ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC)។
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ត្រូវបានបង្កើតឡើង ដើម្បីបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មអប់រំ មនុស្សធម៌ និងការផ្សព្វផ្សាយ មានបេសកកម្មជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ផ្តល់ឱកាសបន្តការសិក្សាដល់យុវបព្វជិត យុវជន យុវនារី ដោយមិនប្រកាន់និន្នាការនយោបាយ និងជំនឿសាសនា។
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានពុទ្ធិកមហាវិទ្យាល័យចំនួន៤គឺ៖
១៖ ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងអក្សរសាស្ត្រ បណ្ដុះបណ្តាលលើជំនាញចំនួន៣ គឺវិទ្យាសាស្ត្រអប់រំ គ្រប់គ្រងទូទៅ និងអក្សរសាស្ត្រខ្មែរ។
២៖ ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជាសាសនា និងនីតិសាស្ត្រ បណ្តុះបណ្តាលលើជំនាញចំនួន២ គឺទស្សនវិជ្ជាព្រះពុទ្ធសាសនា និងនីតិសាស្ត្រ។
៣៖ ពុទ្ធិកមហាវិទ្យាល័យព័ត៌មានវិទ្យា បណ្ដុះបណ្តាលលើជំនាញ១ គឺវិទ្យាសាស្ត្រកុំព្យូទ័រ។
៤៖ ពុទ្ធិកមហាវិទ្យាល័យបាលី-សំស្ក្រឹត និងភាសាបរទេស បណ្ដុះបណ្តាលលើជំនាញ១ គឺភាសាអង់គ្លេស។
បច្ចុប្បន្ន ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ផ្ដល់ការបណ្តុះបណ្តាល៤កម្រិតរួមមាន៖ ១. ថ្នាក់បរិញ្ញាបត្ររង, ២. ថ្នាក់បរិញ្ញាបត្រ, ៣. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង៤. ថ្នាក់បណ្ឌិត
សមណនិស្សិត និស្សិតកំពុងសិក្សាទាំង៤ កម្រិត សរុបមានចំនួន ២, ៣៤៥អង្គ/នាក់។
ហេដ្ឋារចនាសម្ព័ន្ធរូបវន្តមានចំនួន ៧អគារ
១៖ អគារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី កម្ពស់ ៣ជាន់ ៩បន្ទប់។
២៖ អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កម្ពស់ ៤ជាន់ ២៤បន្ទប់។
៣៖ អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី កម្ពស់ ៩ជាន់ ៤៥បន្ទប់។
៤៖ អគាររដ្ឋបាល កម្ពស់ ២ជាន់។
៥៖ ប៉ុស្តិ៍សុខភាព។
៦៖ អន្តេវាសិកដ្ឋាន តេជោសន្តិភាព កម្ពស់ ៤ជាន់ ៣០បន្ទប់។
៧៖ អន្តេវាសិកដ្ឋាន សម្តេចតេជោសន្តិភាព កម្ពស់ ៧ជាន់ (កំពុងសាងសង់)។
៨៖ ចាក់បេតុង និងក្រាលកៅស៊ូក្នុងបរិវេណសាកលវិទ្យាល័យ ទាំងមូល៕