(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានា​ក្នុងវត្តស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមិទ្ធផលដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ខាងក្រោមខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្វផលដែលសម្ពោធនាព្រឹកថ្ងៃនេះ មិនត្រឹមជាមនុញ្ញផលកើតចេញពីសុខសន្តិភាពប៉ុណ្ណោះទេ តែក៏ជាការបង្ហាញឱ្យឃើញនូវការសាមគ្គី និងកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ច្បាស់ សុខសន្តិភាពនៅតែ​ជាបុរេលក្ខខណ្ឌដ៏ចាំបាច់ដែលនាំឱ្យមានការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសិក្សាខ្លាំងពូកែ មិនចំណុះលើជីវភាពគ្រួសារនោះទេ។
សម្តេចបានលើកឧទាហរណ៍សិស្សពូកែគណិតវិទ្យានៅខេត្តព្រៃវែង មានឪពុករត់ម៉ូតូឌុប ម្តាយជាអ្នកលាងចាន តែរៀនរហូតបានជាសិស្សពូកែនៅទូទាំងប្រទេស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មូលធនមនុស្សត្រូវមានទាំងសុខភាព ចំណេះដឹង និងបំណិនជីវិត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំមនុស្សទាមទារឱ្យមានការអប់រំទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅអាមេរិក សាសនា បានដើរតួនាទីសំខាន់ក្នុងការអប់រំមនុស្ស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កើតជំងឺបេះដូងទៅរកពេទ្យព្យាបាល បើកើតជំងឺផ្លូវចិត្ត ត្រូវរកអ្នកព្យាបាលផ្នែកចិត្តសាស្ត្រ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារីកចម្រើនវិវឌ្ឍន៍ទៅមុខលឿនរហ័សមិនអាចរាំងខ្ទប់បាននោះឡើយ។ ដើម្បីការពារភាពឆបោក កេងប្រវញ្ចដោយប្រើបច្ចេកវិទ្យាជាមធ្យោបាយ គឺត្រូវប្រើច្បាប់រដ្ឋ និងការគ្រប់គ្រងផ្លូវចិត្ត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងសរសើរព្រះសង្ឃដែលបានជ្រើសយកបណ្តាញសង្គម ទេសនាអប់រំចិត្ត។ ក្នុងនោះសូម្បីភរិយាសម្តេចក៏ចូលចិត្តស្តាប់ដែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបួសខែរ៉ាម៉ាដន មានទិសដៅអប់រំមនុស្សឱ្យយល់ពីការអត់ឃ្លាន ហើយត្រូវចេះចែករំលែក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រោះតែចង់បានចំនួនអ្នកមើល អ្នកលេងបណ្តាញសង្គមខ្លះសុខចិត្តបំពានសីលធម៌។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាផ្សព្វផ្សាយភាពវិជ្ជមាន និងបញ្ចេញសារអប់រំល្អ ដើម្បីគ្រប់ដណ្តប់រឿងអវិជ្ជមានប្រកាន់សីលធម៌ គុណធម៌ និងការប្រើប្រាស់ច្បាប់អ្នកដើរហួសព្រំដែនច្បាប់។ រដ្ឋមិនចង់ប្រើច្បាប់ទេ ចង់ឱ្យមានការអប់រំគ្នា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យអគ្គា​ធិការ​ដ្ឋានពុទ្ធិកសិក្សាជាតិ ជាពិសេសពុទ្ធិកសាកលវិទ្យាល័យព្រះសីហ​មុនី​រាជា បន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សា ឱ្យកាន់តែល្អប្រសើរ និង អភិ​វឌ្ឍកម្មវិធីសិក្សាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែម​លើ​ចំណេះដឹងស្នូល និងជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថលស្របតាម​បរិការណ៍នៃការរីកចម្រើននៃសេដ្ឋកិច្ច និង សង្គមសកលភាវូប​នីយ​កម្ម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់​អគ្គាធិការ​ដ្ឋាន​ពុទ្ធិកសិក្សាជាតិ និង គណៈគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យ​ព្រះ​​សីហមុនីរាជា សាស្ត្រាចារ្យ ព្រមទាំងសមណនិស្សិត-និស្សិតឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍគុណភាព​អប់រំបណ្ដុះបណ្ដាល និងការកសាង «វប្បធម៌គុណភាព» និង ការផ្តល់តម្លៃលើ «ធម្មាធិបតេយ្យ» ដើម្បីធានាផលិតបាននូវធនធាន​មនុស្សដ៏មានតម្លៃ សម្រាប់សង្គមជាតិ ប្រកបដោយឧត្តមភាព, សមត្ថភាពវិជ្ជាជីវៈ, សីលធម៌ និងការទទួលខុសត្រូវ ដែលអាចបំពេញការងារប្រកបដោយប្រសិទ្ធភាពជូនសង្គមជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើសុំពុទ្ធិកសាកលវិទ្យាល័យ​ព្រះសីហមុនីរាជា បន្តអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងគុណភាពនៃការបង្រៀនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និង ជំរុញសកម្មភាព​ស្រាវជ្រាវ ដើម្បីផ្ទេរចំណេះដឹងដល់យុវសមណនិស្សិត-និស្សិត, ជន​ជំនាន់ក្រោយ ប្រកបដោយគុណភាព, ជាពិសេសបន្តធ្វើទំនើបកម្មនៃកម្មវិធីអប់រំឱ្យស្របតាមស្តង់ដាក្របខ័ណ្ឌគុណវុឌ្ឍជាតិ និងស្តង់ដាអន្តរជាតិ ដើម្បីឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅនឹងចរន្តនៃការរីកចម្រើនជាប្រចាំនៃបច្ចេកវិទ្យា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តខ្ពស់ដល់គ្រប់សាស្ត្រាចារ្យ បន្តអភិវឌ្ឍសមត្ថភាព និងបង្កើនការសិក្សាស្រាវជ្រាវ​បែបវិទ្យាសាស្ត្រតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់​ប្រសិទ្ធភាពក្នុងការបង្រៀន និង ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និងឧត្តមានុវត្តន៍, ជាក់ស្តែងដើម្បីរួមចំណែកដល់ការប្រែក្លាយ​ទ្រឹស្តី ដែលបានសិក្សាក្នុងថ្នាក់រៀនទៅជាការអនុវត្តជាក់ស្ដែងនៅក្នុងជីវិតប្រចាំថ្ងៃ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៩៖៥៥នាទីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕